CAMSOC និង​សហព័ន្ធ​កីឡា​ជាតិ​ជំរុញ​ផែនការ​​រៀបចំ​ទីលាន​ប្រកួត សម្រាប់​ស៊ី​ហ្គេម ២០២៣

​ភ្នំពេញ​៖ គណៈកម្មការ​ទីលាន​ប្រកួត​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​សហព័ន្ធ​កីឡា​ជាតិ​នានា​បាន​រៀ​បំ​កិច្ចប្រជុំ​មួយ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​ជំរុញ​បន្ថែម​លើ​ផែនការ​រៀបចំ​ទីលាន​ប្រកួត​ឲ្យ​បាន​រួចរាល់ សម្រាប់​គោលដៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC លើកឡើងថា សហព័ន្ធ​កីឡា​ជាតិ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រៀបចំ​ទីលាន​ប្រកួត ដោយ​ពិនិត្យ​លើ​ទំហំ​បច្ចេកទេស​លើ​ប្រភេទ​កីឡា​របស់ខ្លួន ក្នុង​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ទីលាន​ប្រកួត​របស់ CAMSOC ដើម្បី​ឲ្យ​បាន​រៀបរយ​ក្នុងដំណាក់កាល​នីមួយៗ​។​

​ឯកឧត្តម​អគ្គលេខាធិការ សង្កត់ធ្ងន់ថា ការកំណត់ និង​ការរៀបចំ​ទីលាន​ប្រកួត​ត្រូវធ្វើ​ឲ្យ​បាន​រួចរាល់​ប្រមាណ ៩៥% នា​ខែកញ្ញា ឆ្នាំ​២០២២ ហើយ​នៅ​ដើមឆ្នាំ​២០២៣ គ្រប់​ទីលាន​ប្រកួត​ទាំងអស់​ត្រូវ​រួចរាល់ ហើយ​ចូលដល់​ខែកុម្ភៈ និង​ខែមីនា ២០២៣ ជា​ពេលវេលា​តុបតែង​លម្អ ដាក់​សម្ភារ​បច្ចេកទេស ប្រព័ន្ធ​សំឡេង ប្រព័ន្ធ​ភ្លើង​ជាដើម​។ នៅ​ខែមេសា ឆ្នាំ​២០២៣ គឺ​យើង​ត្រូវ​ត្រួត​ពិនិត្យឡើងវិញ​ថា​នៅមាន​ខ្វះខាត​លើ​បច្ចេកទេស​អ្វីខ្លះ គឺ​ត្រូវ​បំពេញបន្ថែម ដើម្បី​ឲ្យ​មាន​ភាព​ប្រណីត និង​អស្ចារ្យ ប៉ុន្តែ​ត្រូវ​កាត់បន្ថយ​ការចំណាយ ដោយ​ឈរលើ​ភាព​សន្សំសំចៃ​ខ្ពស់​។

«​ការរៀបចំ​ទីលាន​ប្រកួត​នេះ​ត្រូវបាន​កំណត់​បាន​៩០%​ហើយៗ​នៅសល់តែ ២-៣​សហព័ន្ធ ប៉ុណ្ណោះ ដែល​យើង​កំពុង​ពិនិត្យ​ការសាងសង់ និង​ជួសជុល​កែលម្អ​ឡើងវិញ​។​ពេលវេលា​ដែល​នៅ​សេសសល់​យើង​នឹង​អាច​រៀបចំ​ទាន់ពេល ដែល​ការរៀបចំ​ទីលាន​ប្រកួត​នេះ​មិនមែនជា​ក្តីកង្វល់​ធំ​នោះឡើយ វា​ចោទ​ជា​បញ្ហា​តែ​ទៅលើ​សិទ្ធ​ផល​របស់​អត្ត​ព​លិ​ក​នៃ​ប្រភេទ​កីឡា​មួយចំនួន​ប៉ុណ្ណោះ​»​។​

​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង​ជា​អគ្គលេខាធិការរង​ទទួលបន្ទុក​បច្ចេកទេស​CAMSOC គូស​បញ្ជាក់ដែរថា សម្រាប់​ការទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣​នេះ CAMSOC​បានសម្រេច​ជាគោលការណ៍​នូវ​ទីលាន​ប្រកួត​ចំនួន​៦​តំបន់​សំខាន់ៗ ដូចជា រាជធានី​ភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត និង​ខេត្តកំពង់ស្ពឺ ដោយ​តំបន់​ធំៗ​ទាំងនេះ ត្រូវ​ចែកចេញជា​ផ្នែក​តូចៗ​ទៀត​។ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ ក៏​ត្រូវបាន​ចែកចេញជា​៦​តំបន់​តូចៗ​ទៀត​។

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​ស្នើ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ណា ដែល​មិនទាន់​ចាត់តាំង​នាយក​បច្ចេកទេស​ប្រចាំ​សហព័ន្ធ​របស់ខ្លួន ត្រូវតែ​ចាត់តាំង​នាយក​បច្ចេកទេស​ឲ្យ​បាន​លឿន ដើម្បី​ព​ន្លឿ​ន​លើ​កិច្ច​ការរៀបចំ​ទីលាន​ជាមួយ​គណៈកម្មការ​ទីលាន​ប្រកួត​របស់ CAMSOC៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close