ថៃ ប្រកាសថាកូវីដ មិនអាចបញ្ឈប់បុណ្យសង្ក្រាន្ត នាខែក្រោយទេ
ថៃ ប្រកាសថា ពិធីបុណ្យសង្ក្រាន្តនឹងរៀបចំឡើង នៅខែក្រោយ បន្ទាប់ពីផ្អាក២ឆ្នាំ ដោយសារកូវីដ១៩។ រាជរដ្ឋាភិបាលថៃបញ្ជាក់បន្ថែមថា វិធានការសុខាភិបាលនិងសុវត្ថិភាពនៅតែចាំបាច់ ក្នុងពេលរៀបចំ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃទី៨ មីនាថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានផ្តល់ការធានាថា គ្រប់សកម្មភាពនិងការធ្វើដំណើរកម្សាន្ត ត្រូវបានអនុញ្ញាត ក្នុងពេលបុណ្យ ចាប់ថ្ងៃទី១៣ដល់១៥ មេសា ២០២២។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដហៅកាត់ថា CCSA គ្រោងនឹងជួបប្រជុំគ្នា នាថ្ងៃទី១៨ មីនា ដើម្បីពិភាក្សាពីវិធានការសុវត្ថិភាពសុខភាពសាធារណៈ សម្រាប់ការរៀបចំពិធីបុណ្យប្រចាំឆ្នាំមួយនេះ។
យ៉ាងណាក៏ដោយ ថៃនៅតែបន្តឆ្លងកូវីដ ប្រចាំថ្ងៃ ចន្លោះពីជាង១ម៉ឺនទៅជាង២ម៉ឺននាក់ ស្លាប់រាប់សិបនាក់។ ជាក់ស្តែង នាថ្ងៃទី១០ មីនា ២០២២នេះ ថៃប្រកាសថា ឆ្លងជាង២.២ម៉ឺននាក់ និងស្លាប់ប្រមាណ៧០នាក់ទៀត ក្នុងពេល២៤ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។