ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ជួបពិភាក្សា​ការងារ​ពី​ទំនាក់ទំនង​ទ្វេភាគី ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​សហការី ដើម្បី​ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​តំបន់​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកអគ្គរាជទូត និង​សហការី ព្រមទាំង​បាន​ផ្តាំផ្ញើ​សេចក្តី​ថ្លែងអំណរគុណ​ជូន ឯកឧត្តម Dan Tehan រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី ដែល​បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា ក្នុងឱកាស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​ឆ្នាំ​២០២២​។​

​ជាមួយគ្នានេះ ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​នៃ​ការចរចា​លើ​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់ (AANZFTA Upgrade) ដែលជា​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច (Priority Economic Deliverable) មួយ​ក្នុងចំណោម​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ដទៃទៀត​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ដែល​ស្ថិតក្រោម​គោលដៅ​យុទ្ធសាស្ត្រ​គន្លឹះ​ទី​៤ ស្តីពី​សាកលភាវូបនីយកម្ម​អាស៊ាន ដើម្បី​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​។ ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​សង្កត់ធ្ងន់​លើ​ការជំរុញ និង​ព​ន្លឿ​ន​ការចរចា​លើ​បញ្ហា​ដែល​នៅ​សេសសល់ ដើម្បី​បញ្ចប់​ការចរចា និង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង AANZFTA ឱ្យបាន​ទាន់ពេលវេលា តាម​ការគ្រោងទុក​។​

​បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​បាន​ជម្រាប​ផងដែរ​អំពី វឌ្ឍនភាព​នៃ​ដំណើរ​ការស្នើ​សុំចូល​ជា​សមាជិក​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) របស់​ទី​ម័​រ​ខាងកើត (Timor-Leste)​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរាជទូត បានបង្ហាញ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​អាទិភាព សេដ្ឋកិច្ច្កម្ពុជា​បានស្នើ​ឡើង ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ការឆ្លើយតប​ទៅនឹង​ការវិវត្ត​សកល ជាពិសេស ឯកឧត្តម បានចាត់ទុក​ការបញ្ចប់​ការចរចា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង AANZFTA ជា​កិច្ចការ​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ ក្នុង​ឆ្នាំ​២០២២​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​ឯកអគ្គរាជទូត ក៏បាន​បញ្ជាក់​ពី​ការបន្ត​គាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​ឆ្នាំ​២០២២ និង​ប្តេជ្ញា​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា សំដៅ​សម្រេចបាន​នូវ​សមិទ្ធផល​អាទិភាព​កម្ពុជា​ប្រកបដោយ​ជោគជ័យ ដើម្បី​កសាង​សហគមន៍​អាស៊ាន​ប្រកបដោយ​បរិ​យា​ប័ន្ន ចីរភាព និង​ភាពរឹងមាំ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​ដ៏​ល្អប្រសើរ​ក្នុង​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ការប្រកួតប្រជែង និង​កិច្ចការពារ​អ្នកប្រើប្រាស់ ដែល​ក្នុងនោះ អូស្ត្រាលី នឹង​បន្ត​គាំទ្រ​ដល់​កិច្ច​ការកសាង​សមត្ថភាព និង​បច្ចេកទេស​ដល់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម លើ​កិច្ចការ​ប្រកួតប្រជែង និង​កិច្ចការពារ​អ្នកប្រើប្រាស់ ព្រោះ​វា​ជាការ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ដល់​ការធ្វើឱ្យ​ប្រសើរ​ទ្បើង​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​

នៅ​កិច្ចបញ្ចប់ ភាគី​ទាំងពីរ​បាន​កត​ស់ម្គាល់​លើ​ការរីកចម្រើន​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ប្តេជ្ញា​បន្ត​ជំរុញ​កំណើន​ពាណិជ្ជកម្ម​និង​វិនិយោគ ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​ស្តារឡើងវិញ​លើ​គ្រប់​វិស័យ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close