តម្លៃប្រេងនឹងកើនឡើងខ្ពសដូចសម័យសង្គ្រាម អ៊ីស្រាអែលនិងប្រទេសអារ៉ាប់
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានលើកឡើងថា ស្ថានភាពនៃតម្លៃប្រេងកើនឡើងខ្ពស់ដោយសារតែផលប៉ះពាល់បង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងជះឥទ្ថិពលអាក្រក់ដល់វិស័យថាមពលប្រេងដូចនៅឆ្នាំ១៩៧៣ ។
សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង លោក Bruno Le Maire មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ៩ខែមីនាថា វិបត្តិថាមពលប្រេងនៅពេលនេះ គឺពិតជាធ្ងន់ធ្ងូរ ប្រហាក់ប្រហែលនឹងវិបត្តិប្រេងកាលពីឆ្នាំ ១៩៧៣ នោះដែរ។
លោក Bruno Le Maire បានរំលឹកឡើងវិញពីតម្លៃប្រេង នៅឆ្នាំ ១៩៧៣បាននាំឱ្យមានការតក់ស្លុតនៃ អតិផរណា ដោយបង្ខំឱ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់ក្នុងពេលដំណាលគ្នា ដែលរារាំងដល់កំណើនសេដ្ឋកិច្ច។ លោកបានបញ្ជាក់ថា អតិផរណាដែលនៅទ្រឹងនេះគឺជាអ្វីដែលពិភពលោកត្រូវជៀសវាងនៅឆ្នាំ២០២២។
នៅឆ្នាំ១៩៧៣ ដោយសារតែសង្គ្រាមរវាងកម្លាំងទាហាន អេហ្ស៊ីប និងស៊ីរី ជាមួយប្រទេសអ៊ីស្រាអែលបង្កឲ្យមានវិបត្តិប្រេង។ ក្នុងពេលនោះប្រទេសអារ៉ាប់ចំនួន៦ នៅក្នុងអង្គការOPEC បានហាមលក់ប្រេងទៅឲ្យប្រទេសអ៊ីស្រាអែល និងប្រទេសដែលគាំទ្រអ៊ីស្រាអែលនៅក្នុងសង្គ្រាមនោះ មានអាមេរិកជាដើម។ ការហាមប្រាមនោះបានធ្វើឲ្យតម្លៃប្រេងលើពិភពលោក ធ្លាក់ក្នុងវិបត្តិ ដោយតម្លៃប្រេងឡើងថ្លៃខ្ពស់ដល់ទៅ៤ដង។
ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង ក្រោយពេលអាមេរិក និងអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ី បានជំរុញឲ្យតម្លៃប្រេងកើនឡើងដល់ទៅ ១៣០ ដុល្លារក្នុង១បារ៉ែល។
ជាមួយគ្នានេះដែរអង្គការ OPEC ក៏បានប្រកាសថា មិនមានប្រទេសណាមួយអាចជំនួសរុស្ស៊ីក្នុងការផ្គត់ផ្គង់ប្រេងដល់ពិភពលោកនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។