ដើមឆ្នាំ​២០២២៖ ភ្នំពេញ មាន​សំណង់​បុរី បណ្ដុំ​ផ្ទះល្វែង អគារ​ខ្ពស់ៗ​ជជិត ២ពាន់កន្លែង និង​គម្រោង​សង់​ថ្មី​ជាង ១ ០០០​គម្រោង​ទៀត​

​ភ្នំពេញ​៖ គិត​ត្រឹម​ដើមឆ្នាំ​២០២២​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី និង​បណ្ដុំ​ផ្ទះល្វែង​ចំនួន ៣១០ កន្លែង និង អគារ​ខ្ពស់ៗ​ចំនួន ១.៦០៣ អគារ ក្នុងនោះ អគារ​កម្ពស់​ចាប់ពី ២០​ជាន់​ឡើងទៅ មាន​ចំនួន ២២៥ អគារ ហើយ​ក្នុង​ឆ្នាំ ២០២១ កន្លងទៅ យើង​ទទួលបាន​ត​ម្រោ​ង​សាងសង់​ថ្មីៗ​ពី​វិស័យ​ឯកជន ចំនួន ១.០៥០ គម្រោង លើ​ផ្ទៃក្រឡា​សំណង់ សរុប​ជាង ៤,៦៣​លាន​ម៉ែត្រក្រឡា ដែលមាន​ទំហំ​ទុន វិនិយោគ​ប៉ាន់ស្មាន ជាង ២,២៦ ពាន់​លាន​ដុល្លា​អាមេរិក បន្ថែមទៀត ធ្វើឱ្យ​រាជធានី​ភ្នំពេញ​កាន់​តែមាន​ភាពស្រស់​បំព្រង មិន​ចាញ់​បណ្តា​ទីក្រុង នៃ​ប្រទេស​ក្បែរ​ខាង និង​ក្នុង​តំបន់​អាស៊ាន​ឡើយ​។
​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បើក​ការ​ដា្ឋ​ន​សាងសង់ និង​បើក​លក់​ជា​ផ្លូវការ​លំនៅឋាន​-​ដីឡូត៍​មួយ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា​នេះ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​បានលើកឡើង​ថា ការបណ្តាក់ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ក្នុងការ​ខិតខំ​ទាក់ទាញ ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​គឺ​ការខិតខំ​បង្កើន​ជំនឿ​ជឿជាក់ ជូន​ដល់​ពាណិជ្ជករ វិនិយោគិន និង​ធុរជន ដើម្បី បណ្តាក់ទុន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា សំដៅ​រួមចំណែក​ជំរុញ​ឱ្យ មាន​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ កាត់បន្ថយ​ភាព​ក្រី​ក និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​អភិបាល​រាជធានី​បន្តទៀតថា ទន្ទឹមគ្នា​នឹង​វឌ្ឍនភាព ក៏ដូចជា​និន្នាការ​ជា​វិជ្ជមាន​ទាំងនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ប៉ាន់ស្មាន ថា​នឹង​បន្ត​ងើប​ឡើងវិញ នា​បណ្ដា​ឆ្នាំ​ខាងមុខ យ៉ាង​ឆាប់រហ័ស ស្របតាម​ការកើនឡើង​នូវ​តម្រូវការ​សកល និង​ទំនុកចិត្ត របស់​វិនិយោគ​គិ​ន​ទាំង ក្នុងស្រុក និង​បរទេស ដែលជា​សក្តានុពល​ដ៏​ធំ​សម្រាប់​ការវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស អគារ​ពាណិជ្ជកម្ម សណ្ឋាគារ សំណង់​បុរី ដី​ឡូ​តិ៍ អគារ​ស្នាក់នៅ​រួម និង​ខុន​ដូ​ទំនើបៗ​ជាដើម​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close