ក្រុមធីអិនកណ្តាល គ្រងជើងឯក ពានរង្វាន់បាល់ទាត់ឯកឧត្តមអភិបាលខេត្តកណ្តាល
ក្រុមធីអិនកណ្តាល បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បន្ទាប់ពីបានយកឈ្នះក្រុមយុវជនស្រុកមុខកំពូល ២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តកណ្តាល។
ក្រុមធីអិនកណ្តាលទទួលបានពានរង្វាន់ អមដោយថវិកា ១២លានរៀល, ក្រុមរងជើងឯក យុវជនស្រុកមុខកំពូល ៨លានរៀល, លេខ៣ យុវជនស្រុកល្វាឯម ៦លានរៀល និងលេខ៤ ក្រុមយុវជនស្រុកខ្សាច់កណ្តាល ៣លានរៀល។ ក្រុមយុវជនល្វាឯម គឺជាក្រុមគោរពវិន័យល្អ ដោយទទួលបានថវិកា ៣លានរៀល ខណៈជ័យលាភីឯកត្តជនរួមមាន៖ កីឡាករ អ៊ឹម សុផានិត្យ យុវជនស្រុកខ្សាច់កណ្តាល ឈ្នះពានទាត់បញ្ជូលទីច្រើនជាងគេ ៥០ម៉ឺនរៀល និងអ្នកចាំទីល្អជាងគេ បានទៅលើ កីឡាករ នួន វាសនា នៃក្រុមធីអិនកណ្តាល ៥០ម៉ឺនរៀល។
ឯកឧត្តម ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតពានរង្វាន់នេះបានបញ្ជាក់ថា តាមរយៈការប្រកួតជាលើកទី១នេះធ្វើឲ្យយើងទទួលបាននូវបទពិសោធ ក្នុងការរៀបចំកម្មវិធីប្រកួត និងកាន់តែចាប់អារម្មណ៍មានការចូលរួមពីសំណាក់យុវជន ដែលជាកម្លាំងដ៏មានសក្តានុពលលើគ្រប់វិស័យ រួមជាមួយនឹងភាពទាក់ទាញបានផ្តល់នូវការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក ស្របតាមលក្ខណៈបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់ផងដែរ។
ប្រធានគណៈកម្មការរៀបចំរូបនេះបន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍នេះបានធ្វើឲ្យរដ្ឋបាលខេត្តទទួលបានធនធានកីឡាករជាយុវជន ដែលមកពីបណ្តាក្រុង-ស្រុក-មន្ទីរ ជុំវិញខេត្ត ក៏ដូចជាយុវជនក្នុងវិស័យឯកជន ដែលធ្វើឲ្យខេត្តអាចជ្រើសរើសកីឡាករជាយុវជនដែលចូលរួមប្រកួតក្នុងការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២នេះ ដើម្បីចងក្រងរៀបចំ និងបង្កើតទៅជាក្រុមកីឡាបាល់ទាត់របស់ខេត្ត ក្នុងការចូលរួមប្រកួតកីឡាបាល់ទាត់នៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចថ្នាក់ជាតិបាន ស្របទៅតាមការអភិវឌ្ឍនៃវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានលើកឡើងថា រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ ក៏ដូចជារដ្ឋបាលខេត្តកណ្តាលបានយកចិត្តទុកដាក់លើកទឹកចិត្ត និងគាំទ្រចំពោះបងប្អូនយុវជន យុវនារី សិស្សានុសិស្ស ក្នុងការចូលរួមលេងកីឡាគ្រប់ប្រភេទ ដើម្បីសុខភាព និងចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា ដើម្បីចូលរួមគាំទ្រដល់ដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា «ខ្ញុំសូមអំពាវនាវដល់យុវជន យុវនារី ចូលរួមក្នុងសកម្មភាពគ្រប់ប្រភេទកីឡា ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីអនាគតយើង គ្រួសារយើង និងសង្គមជាតិរបស់យើង ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងចូលរួមផ្សព្វផ្សាយ និងការពារឱ្យបាននូវតម្លៃនៃសុខសន្តិភាព ទោះក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។