កម្ពុជា នឹង​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ នៅ​ថ្ងៃទី​១៦-១៧ មីនា ខាងមុខ​

​ភ្នំពេញ​៖ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន និង​សហការី​។​

​ក្នុងជំនួប​ពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្ដោត​សំខាន់​លើ​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ក្នុងការ​រៀបចំ និង​ដឹកនាំ កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ (28th AEM Retreat) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ និង​១៧ ខែមីនា ឆ្នាំ​២០២២ ខាងមុខ​។​
​ជាមួយគ្នា​នោះ ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន បានផ្តល់​បច្ចុប្បន្នភាព​ជូន ឯកឧត្តម​រដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​របៀបវារៈ​ទាំងឡាយ ដែល​គ្រោង​នឹង​លើក​យកទៅ​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​នោះ រួមមាន​៖ (១)​ការតាមដាន​កិច្ច​ការបន្ត ស្របតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​៣៩ (២)​ការត្រៀម​ដើម្បី​អនុម័ត​លើ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ដែល​ស្នើ​ដោយ​កម្ពុជា ព្រមទាំង​អាទិភាព​ប្រចាំឆ្នាំ​របស់​ក្រុមការងារ​អន្តរ​វិស័យ​ក្រោម​សមត្ថកិច្ច​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (៣)​ការផ្លាស់ប្តូរ​មតិយោបល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩ និង​វឌ្ឍនភាព​ការងារ​របស់​អាស៊ាន​ក្នុងការ​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ​១៩ (៤)​ការពិនិត្យ​និង​ឯកភាព​លើ​អនុសាសន៍​របស់​កិច្ចប្រជុំ​លើក​ទី​៤១ នៃ​ក្រុមការងារ​ជាន់ខ្ពស់​ស្តីពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ជូន​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ (៥)​ការត្រៀម​អនុម័ត​លើ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ការចរចា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (៦)​ការពិភាក្សា​អំពី​យុទ្ធសាស្ត្រ​អាស៊ាន​ក្នុងការ​បង្កើន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ជាមួយនឹង​ប្រទេស​ដៃគូ​អាស៊ាន ជាពិសេស​ដើម្បី​ព​ន្លឿ​ន​ការបញ្ចប់​ការចរចា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​ហ្សេ​ឡង់ ឱ្យបាន​ទាន់ពេលវេលា​កំណត់​។​

​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន បញ្ជាក់ថា ឯកឧត្តម មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រោម​ភាព​ដឹកនាំ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី កិច្ចប្រជុំ​ចង្អៀត​ខាងមុខ​នឹង​បញ្ចប់​ដោយ​រលូន ប្រកបដោយ​លទ្ធផល​ជោគជ័យ និង​ជាទី​មោទនៈ​។​

​នៅ​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន បាន​ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហការ​បន្ថែមទៀត សំដៅ​ឈានទៅរក​ការសម្រេចបាន​នូវ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ក្នង​ឆ្នាំ​២០២២ និង​អាទិភាព​ការងារ​ប្រចាំឆ្នាំ​២០២២ ដែល​ស្ថិតក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close