សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ស្វាគមន៍​កង​ស្វ័យការពារ​ជើង​ទឹក​ប្រទេស​ជប៉ុន នៅ​ខេត្ត​ព្រះសីហនុ​

​ភ្នំពេញ​៖ នាវា​កង​ស្វ័យការពារ​ជើង​ទឹក ប្រទេស​ជប៉ុន នឹង​ចូល​ចត​ជា​ផ្លូវការ នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៤-១៧ ខែមីនា ឆ្នាំ​២០២២ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​សំណេះសំណាល និង​ពិសា​របាយ​សាមគ្គី​ជាមួយ​ក្រុមមន្ត្រី នៃ​កង​ស្វ័យការពារ​ជើង​ទឹក ប្រទេស​ជប៉ុន ផងដែរ​។​

​លោក​ឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ចុះ​ត្រួតពិនិត្យ​កងកម្លាំង និង​ធ្វើ​ការណែនាំ​មុន នឹង​ចុះ​តាម​គោលដៅ​អនុវត្ត​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រធាន​នាយកដ្ឋាន នគរបាល​ការពារ​ព្រំ​ដែនទឹក បានឱ្យដឹងថា សម្តេច​តេ​ជោ នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​របាយ​សាមគ្គី​ជាមួយ​នាយ​នា​វី និង​ពល​នាវិក នៃ​កង​ស្វ័យការពារ​ជើង​ទឹក​ប្រទេស​ជប៉ុន ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ទីបញ្ជាការ​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​។​

​សូមជម្រាបថា នាវា​ស្វ័យការពារ​ជប៉ុន​ទាំងពីរ​គ្រឿង មានឈ្មោះ​ទី​១. URAGA – 463 មាន បណ្ដោយ​១៤១​ម៉ែត្រ ទទឹង​២២​ម៉ែត្រ ជម្រៅ​ទឹក ៥,៤ ម៉ែត្រ មាន​ទម្ងន់​ផ្ទុក ៥.៦៥០​តោន និង​មាន​នាវិក​ចំនួន​១២៦​នាក់​។ នាវា​ទី​២.​ឈ្មោះ HIRADO – 305 មាន​បណ្ដោយ​៦៧​ម៉ែត្រ ទទឹង​១១​ម៉ែត្រ ជម្រៅ​ទឹក​២,៧ ម៉ែត្រ មាន​ទម្ងន់​ផ្ទុក​៦៩០​តោន និង​មាន​នាវិក ចំនួន​៥៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close