ក្រសួង ជម្រុញ​ឲ្យ​អភិបាល​រាជធានី​ខេត្ត ជំរុញ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ជាតិ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​»

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២​នេះ បានស្នើ​ដល់​អភិបាល​រាចធានី​ខេត្ត​ទាំងអស់ ជំរុញ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ «​កូ​វីដ​-១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង​ឆ្លង​ខ្លាំង ជាង​មុន​អាច​បណ្តាលឱ្យមាន​ហានិភ័យ​ដល់​អ្នក​និង​គ្រួសារ​» ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» នៅក្នុង​សហគម ន៍​។

 

​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់ អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ថា រហូតមកដល់​ពេលនេះ​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី​នៅតែ​បន្ត​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ដោយ​កម្ពុ​ចា​នៅតែ​រកឃើញ​ករណី​ឆ្លង​ថ្មី​ជា​រៀងរាល់ថ្ងៃ ហើយ​ក្នុងនោះ​ក៏មាន​ករណី​ឈឺ​ធ្ងន់ សម្រាក​ពេទ្យ និង​ករណី​ស្លាប់​មួយចំនួន​ដែរ​ក្នុងចំណោម ក្រុម​អ្នក​ងាយ​រងគ្រោះ និង​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។​

​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​ធ្វើឡើង​យ៉ាងច្រើន​ក្នុង​រយៈពេល​កន្លងមក ដោយមាន​ការចូលរួម​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​បានទទួល​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ព្រឹត្តិការណ៍​ចម្លង​កូ​វីដ​-១៩ នៅ​សហគមន៍​ក្នុងពេល​កន្លងមក​ប្រកបដោយ​ប្រសិទ្ធភាព​។
​ប៉ុន្តែ​នៅពេលដែល​ព្រឹត្តិការណ៍​សហគមន៍ នា​ឆ្នាំ​២០២១ ត្រូវបាន​បិទ​បញ្ចប់​ព្រមជាមួយ​ការ​ដំណើរ​ការបើក​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​នានា ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​ធ្វេសប្រហែស ភ្លេចខ្លួន​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល ត្រឹមត្រូវ និង​ម៉ត់ចត់ ដែលជា​ឱកាស​ដ៏​ល្អ​សម្រាប់​វីរុស​កូ​វីដ​-១៩ ធ្វើចរាចរ​យ៉ាងសកម្ម បង្កឱ្យមាន​ការ ចម្លងជំងឺ​កូ​វីដ​-១៩ ឡើងវិញ​សារជាថ្មី​។​

​វត្តមាន​របស់​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី នៅក្នុង​ពិភពលោក​បង្ហាញថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​មិនទាន់​បញ្ចប់​បាន​នៅឡើយ ហើយ​នៅ​ត​ជា​ហានិភ័យ​សុខភាព​សាធារណៈ​សម្រាប់​បណ្តា​ប្រទេស​ទាំងអស់​ទោះបីជា​ប្រទេស​មួយចំនួន បាន​បន្ធូរបន្ថយ​វិធានការ​សុខាភិបាល​មួយចំនួន​ហើយក៏​ដោយ​។ ដូច្នេះ យុទ្ធនា​ការអប់រំ​ផ្សព្វ ផ្សាយ​ជា​បន្ត​នាពេលនេះ នៅតែមាន​សារសំខាន់​បំផុត​ដើម្បី​ឈានទៅ​សម្រេចបាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ប្រកបដោយ​និរន្តរភាព របស់​ប្រជាជន​ក្នុងការ​រស់នៅ​តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី​ជាមួយនឹង​វត្តមាន​វីរុស​កូ​វីដ​-១៩​។

​ក្នុងន័យនេះ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី​នេះ​ឱ្យបាន​ឆាប់​បំផុត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានចេញ​សារាចរ​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ គណៈ​អភិបាល​រាជធានី​-​ខេត្ត យន្ត​ការដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​អប់រំ​ផ្សព្វផ្សាយ​ដល់ ប្រជាជន​អំពី​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំរុញ​ការអនុវត្ត​វិធានការ “៣​ការពារ និង​៣​កុំ និង​ចាក់​វ៉ា​ក់ សាំង​កូ​វីដ​-១៩»​។​

​អនុលោម​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ អនុគណៈកម្មការ​អប់រំ​បណ្ដុះបណ្ដាល និង​ទំនាក់ទំនង​សាធារណៈ (​អ​.​ប​.​ទ​) នៃ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏បាន​រៀបចំ​បន្តធ្វើ​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ «​កូ​វីដ​-១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង​ឆ្លង​ខ្លាំង ជាង​មុន​អាច​បណ្តាលឱ្យមាន​ហានិភ័យ​ដល់​អ្នក​និង​គ្រួសារ​» ដើម្បី​ជំរុញ​ការទទួលខុសត្រូវ​រប​ស់បុ​គ្គល គ្រួសារ សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​ទទួលខុសត្រូវ​ក្នុង ស្មារតី​សាមគ្គីភាព ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ឱ្យមាន​និរន្តរភាព​នៃ​ការរស់នៅ ជាមួយនឹង​វីរុស​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ផងដែរ​។​

​លើសពីនេះ យុទ្ធនាការ​នាពេលនេះ ក៏​ក្នុង​គោលបំណង​ដើម្បី​ពញ្ញាក់​ស្មារតី​ប្រុងប្រយ័ត្ន​របស់ បុគ្គល​គ្រប់រូប គ្រួសារ និង​សហគមន៍ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ឡើងវិញ ក្នុង​ការបន្ត​ប្រកាន់ ខ្ជាប់​នូវ​វិធានការ​សុខាភិបាល «៣​ការពារ និង​៣​កុំ​» ព្រមទាំង​ទទួលយក​ការ​វ៉ាក់សាំង​ឱ្យបាន​ឆាប់​បំផុត ទាំង​ដូ​ស​មូលដ្ឋាន និង​ដួស​ជំរុញ ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព ដល់​ដំណើរការ សង្គម និង​សេដ្ឋកិច្ច​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close