អាមេរិកព្រមានចិន ក្រោយទទួលបានព័ត៌មានថា រុស្ស៊ីពឹងផ្អែកចិនក្នុងការគេចពីទណ្ឌកម្ម
កាលពីថ្ងៃទី១៣ខែមីនា រុស្ស៊ីបានប្រកាសថា ពឹងផ្អែកទៅលើចិនដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បានប្រកាសថា «យើងមានប្រាក់រក្សាទុកប្រមាណ៦៤០ពាន់លានដុល្លារ ក្នុងនោះមានមាសនិងរូបិយវត្ថុអន្តរជាតិ។ បច្ចុប្បន្នយើងអាចប្រើប្រាស់បានប្រមាណតែ ៣០០ពាន់លានដុល្លារតែប៉ុណ្ណោះក្នុងចំណោមនោះ។
តាមសារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា តាមការលើកឡើងរបស់លោក Anton Siluanov ប្រាក់រក្សាទុករបស់រុស្ស៊ី គឺជារូបិយវត្ថុចិន ប៉ុន្តែនៅពេលនេះ លោកខាងលិចកំពុងតែដាក់គំនាប់ទៅលើចិនដើម្បី កាត់បន្ថយការធ្វើចរាចរណ៍ជាមួយរុស្ស៊ី។ ក្នុងពេលនេះរដ្ឋមន្ត្រី Anton Siluanovបានបញ្ជាក់ថា ទំនាក់ទំនងដែគូរវាងរុស្ស៊ីនិងចិន នឹងអនុញ្ញាតិឲ្យទីក្រុងមូស្គូ រក្សាកិច្ចសហប្រតិបត្តិការណ៍ ក៏ដូចជាពង្រីកទីផ្សារ ខណៈប្រទេលោកខាងលិច បិទទ្វារ។
ក្នុងពេលនេះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានព្រមានថាទីក្រុងប៉េកាំងនឹងទទួលលទ្ធផលអាក្រក់ប្រសិនបើជួយដល់ទីក្រុងមូស្គូ បញ្ចៀសការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។
ជាមួយគ្នានេះដែរ អាមេរិកក៏បានលើកឡើងថា រុសស្ស៊ីបានស្នើរដល់ ទីក្រុងប៉េកាំងផ្តល់ជំនួយផ្នែកយោធាដល់ប្រទេសរុស្ស៊ី។ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានអះអាងថា ស្ថានទូតមិនបានទទួលព័ត៌មានអ្វីអំពីសំណើរបស់រុស្ស៊ីពាក់ព័ន្ធការផ្តល់ជំនួយផ្នែកយោធានោះទេ និងបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់របស់ទីក្រុងប៉េកាំង គឺផ្តោតលើការធ្វើឱ្យ ស្ថានការណ៏តានតឹងក្នុងប្រទេសអ៊ុយក្រែន ថយចុះទៅវិញ។
តាមការចុះផ្សាយរបស់កាសែតអង់គ្លេស Financial Times កាលពីថ្ងៃទ១៣ខែមីនាកន្លងទៅ ដោយបានដកស្រង់សម្តី របស់មន្ត្រីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះ បានរាយការណ៏ថា ទីក្រុងមូស្គូបានស្នើសុំប្រទេសចិនសម្រាប់ជំនួយជាគ្រឿងបរិក្ខានិងជំនួយផ្នែកយោធាផ្សេងទៀត ដើម្បីគាំទ្រការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ដដែលបានបន្ថែមថា សេតវិមានមានក្តីបារម្ភថា ទីក្រុងប៉េកាំងអាចនឹងធ្វើឲ្យខូចកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក្នុងការជួយអ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេ ប្រសិនបើចិនជ្រើសរើសធ្វើតាម សំណើបែបនោះមែន។ ព័ត៌មាននេះក៏ត្រូវបានចុះផ្សាយដោយកាសែតអាមេរិក និងកាសែតរបស់បស្ចិមប្រទេសផ្សេងទៀតផងដែរ។
នៅពេលត្រូវបានគេសួរអំពីរបាយការណ៏នេះ អ្នកនាំពាក្យស្ថានទូតចិន លោក Liu Pengyu បានប្រាប់សារព័ត៌មាន Reuters ថាស្ថានទូតចិន មិនទទួលបានអំពីព័ត៌មានអំពីសំណើបែបនេះទេ ដោយលោកបាននិយាយថា គោលដៅអាទិភាពរបស់ចិន ក្នុងការដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺ «ការពារស្ថានការណ៍តានតឹង កុំឱ្យកើនឡើង ឬ មិនអាចគ្រប់គ្រងបាន»។
លោកបន្ថែមថា ទីក្រុងប៉េកាំងរក្សាជំហរអព្យាក្រឹតក្នុងជម្លោះរវាងរុស្ស៊ីនិង អ៊ុយក្រែន ដោយអំពាវនាវឲ្យបញ្ចប់សង្គ្រាមប៉ុន្តែបដិសេធមិនចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ក្នុងការថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។