UN៖ សង្គ្រាម​អ៊ុយ​ក្រែ​ន គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀងអាហារ​ពិភពលោក​ទាំងមូល​

​កាលពី​ថ្ងៃទី​១៤​ខែមីនា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ព្រមាន​ថា សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​គំរាមកំហែង​ដល់​មនុស្សជាតិ​ទាំងមូល ។ លោក Antonio Guterres បញ្ជាក់ថា​«​ទិដ្ឋភាព​នៃ​សង្គ្រាម​បរមាណូ គឺ​មិនអាច​នឹង​ស្មាន​ដល់ ហើយ​ពេលនេះ​ស្ថិតនៅក្នុង​រង្វង់​ដែល​អាច់​ផ្ទុះឡើង​គ្រប់ពេល​»​។​

​លោក​Antonio Guterres បាន​និយាយថា​ប្រតិបត្តិការ​យោធា ដែល​កំពុង​បន្ត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន នឹង​បំផ្លាញ​វិស័យ​សន្តិសុខ​ស្បៀង​ពិភពលោក ជាពិសេស​បង្ក​ផលប៉ះពាល់​ដល់​បណ្ដា​ប្រទេស​មាន ប្រាក់ចំណូល​ទាប​។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Antonio Guterres បាន​សង្កត់ធ្ងន់ថា ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស នៅ​អាហ្វ្រិក និង​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ស្បៀងអាហារ​ពី​ប្រទេស​ទាំងពីរ​។​

​លោក​បន្តថា រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ផ្គត់ផ្គង់​ប្រមាណ​ពាក់កណ្តាល​នៃ​ប្រេង​ផ្កាឈូករ័ត្ន Sunflower Oil ពិភពលោក និង​ស្រូវ​សាលី ៣០ ភាគរយ​ដល់​ពិភពលោក​។ ដោយឡែក អ៊ុយ​ក្រែ​ន​តែមួយគត់ ផ្គត់ផ្គង់​ជាង​ពាក់កណ្តាល​នៃ​ការផ្គត់ផ្គង់​ស្រូវ​សាលី របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​។​

​បើតាម​លោក ហ្គូ​ទែ​រ​រ៉េ​ស បណ្ដា​ប្រទេស​អាហ្វ្រិក និង​ប្រទេស​អភិវឌ្ឍ​ន៏​តិចតួច ចំនួន ៤៥ ប្រទេស បាន​នាំចូល​ស្រូវ​សាលី យ៉ាងហោចណាស់ ១​ភាគ​៣ ពី​ប្រទេស​អ៊ុយ​ក្រែ​ន ឬ រុស្ស៊ី ក្នុងនោះ​មាន ១៨​ប្រទេស​នាំចូល​យ៉ាងតិច ៥០​ភាគរយ​។ បច្ចុប្បន្ន​ប្រទេស ទាំងនោះ​ចាប់ផ្តើម​ទទួលរង​ផលប៉ះពាល់​ពី​ប្រតិបត្តិការ​យោធា​រួចទៅហើយ​។ ប្រមុខ UN រូបនេះ​ក៏បាន​ប្រកាស​ផ្តល់ជំនួយ​ចំនួន ៤០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រទេស​ដែល​រង​ផលប៉ះពាល់​ពី​ប្រតិបត្តិការ​យោធា​នេះ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close