មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន បញ្ឈប់​រាល់​ការចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​រដ្ឋ

«​សូម​ស្នើ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ រដ្ឋបាល​ស្រុក បញ្ឈប់​រាល់​ការចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់​ដី​រដ្ឋ ឬ​ការបញ្ជា​ក់លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​ជាអាទិ៍ នៅលើ​ដី​ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន​»​។ នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិ ស្ថាន​និង​ធនធានធម្មជាតិ​នៅ​រដ្ឋបាលខេត្ត​កែប​។

សិក្ខាសាលា មាន​រយៈពេល​០២​ថ្ងៃ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម​មេធាវី​ក្រសួងបរិស្ថាន​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​ដល់​មន្ត្រី​នៃ​ស្ថាប័ន​តុលាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ដែល​មកពី​ខេត្ត​កែប និង​ខេត្តកំពត សរុប​ប្រមាណ ១៦០​នាក់​។ ឯកឧត្តម​អភិបាលខេត្ត​កែប និង​តំណាង​រដ្ឋបាល​ខេត្តកំពត​ក៏បាន​ចូលរួម​ជា​អធិបតី​នៃ​ពិធី​បើក​សិក្ខាសាលា​នេះ​ផង ដែរ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​ទិញ​ឬ​លក់​ដីធ្លី​នៅក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នៅតាម​បណ្ដា​ខេត្ត​នានា​បានឡើយ ហើយ​ក្រសួងបរិស្ថាន​ស្នើឱ្យ​ពលរដ្ឋ​ឈប់​ចាញ់ បោក​មេខ្យល់ ឬ​ក្រុម​ជនខិលខូច ដោយ​នាំគ្នា​ទៅ​ទិញ​ដី ឬ ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ព្រោះ​មិនមាន​ការទទួលស្គាល់​ឡើយ មិនតែប៉ុណ្ណោះ​អាច​នឹង​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​ថែម​ទៀតផង​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បានឱ្យ ដឹងថា​មាន​ក្រុម​ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​ប្រជា​ពល រដ្ឋ​ដោយ​ការជួល​ឱ្យ​ទន្ទ្រាន​ដី​ឱ្យ​ខ្លួន​លក់​ក្នុង​តម្លៃថោកៗ និង​ពេលខ្លះ​ប្រើប្រាស់​ពលរដ្ឋ​ដើម្បី​ជា​ខែល​ក្នុង​ការតវ៉ា​ជាមួយ​អាជ្ញាធរ​ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ឱ្យ​ខ្លួន​ថែម​ទៀតផង​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​ក្រុម​ជនខិលខូច​គួរ​បញ្ឈប់​វប្បធម៌​ចូល​ទន្ទ្រាន​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ពេលខ្លះ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​ទាមទារ​កាត់​ឆ្វៀល​ដី​មក​ធ្វើ​កម្មសិទ្ធិ​។ ឯកឧត្តម​បាន​ថ្លែងថា មាន​ករណី​មិន​ប្រក្រតី​ជាច្រើន​ត្រូវបាន​រកឃើញ ហើយ​សមត្ថកិច្ច​បាននិងកំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​គួរ​បញ្ជាក់ថា​ការរៀបចំ​សិក្ខាសាលា​នេះ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​និង​បញ្ជ្រៀប​ការយល់ដឹង ដល់​ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​មានការ​យល់ដឹង​អំពី​ទិដ្ឋភាព​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ ព្រមទាំង ដើម្បី​ចូលរួមចំណែក​ទាំងអស់​គ្នា​ក្នុងការ​ការពារ អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចិ​រ​ភាព នៅក្នុង តំបន់ការពារធម្មជាតិ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ព្រះរាជា​ណា​ក្រ​កម្ពុជា កូនចៅ​ជំនាន់​ក្រោយ និង​មនុស្សជាតិ ទាំងមូល​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា
ដើម្បី​ធ្វើការ​ការពារ អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព គឺ​តម្រូវឱ្យមាន​ការចូលរួម​ចំណែក​ពី គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទើប​អាច​សម្រេច​តាម​ផែនការ​និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​សិក្ខាសាលា​រយៈពេល ២ ថ្ងៃនេះ ថ្ងៃទី​១៥-១៦ ខែមីនា ឆ្នាំ​២០២២ ត្រូវ​រំពឹងថា​ នឹង​ទទួលបាន​នូវ​ចំណេះដឹង​និង​បទពិសោធ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ និង​ច្បាប់​ពាក់ព័ន្ធ​នានា ដើម្បី​ពង្រឹង​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត នូវ​ការយល់ដឹង​ទូលំទូលាយ អំពី​ច្បាប់​ដែល​អនុវត្ត​ចំពោះ​តំបន់ការពារធម្មជាតិ ដែលជា​ប្រភព​នៃ​សិទ្ធិ កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​ដំណើរ​វិ​វដ្តរ​នៃ​បទ​ប្បញ្ញត្តិ​ច្បាប់​ដែល​ពាក់ព័ន្ធ ការយល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត អំពី​អំពើ​ដែល​ត្រូវបាន​ហាមឃាត់ និង​ចាត់ជា​បទល្មើស​នៅក្នុង​តំបន់ការពារធម្មជាតិ ក៏ដូចជា​ទោសទណ្ឌ និង​ជាពិសេស​គឺ​ការអនុវត្ត​នីតិវិធី​ម​ទាំង​ការរៀបចំ​សំណុំរឿង​ដាក់ជូន​អាជ្ញាធរ​តុលាការ ដើម្បី​កិច្ចការ​ស៊ើបអង្កេត និង​ជំនុំជម្រះ​ដើម្បី​ផ្តន្ទាទោស​ជន​លើ្ម​ស​តាមច្បាប់​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​សំណូមពរ​ដល់​រាល់​សិក្ខាកាម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​មេត្តា​យកចិត្តទុកដាក់ នឹង​ត្រងត្រាប់​ឱ្យបាន​សកម្ម​និង​ពេញលេញ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខ​សាលា​នេះ នឹង​ផ្តល់ជូន​សិក្ខាកាម​នូវ​ធាតុ​ចូល​បន្ថែម​អំពី​ច្បាប់​ដែល​អនុវត្ត​លើ​តំបន់ការពារធម្មជាតិ ការត្រៀម​លក្ខណៈ​ដើម្បី​បង្ការ និង​ប​ង្រា​ប​បទល្មើស ក្នុង​តំបន់ការពារធម្មជាតិ និង​ការរៀបចំ​សំណុំរឿង​ប្រកបដោយ​ប្រសិទ្ធភាព និង​អនុលោមភាព​ផ្លូវច្បាប់​ពេញលេញ ដើម្បី​ដាក់ជូន​អាជ្ញាធរ​តុលាការ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close