ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ បើកការហោះហើរថ្មី មកកម្ពុជា
ភ្នំពេញ៖ ជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់វិស័យដឹកជញ្ជូនផ្លូវអាកាស និងវិស័យទេសចរណ៍កម្ពុជា ដោយមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយបានបើកការហោះហើរថ្មីមកកម្ពុជា (បាងកក-ភ្នំពេញ) ខណៈអ្នកជំនាញបានអះអាងថា នៅពេលការដឹកជញ្ជូនផ្លូវអាកាសត្រូវបានពង្រីកកាន់តែច្រើន នឹងជំរុញឱ្យការស្ដារវិស័យទេសចរណ៍ជាតិកាន់តែមានសន្ទុះ។
ក្រុមហ៊ុនអាកាសចរណ៍ដែលបើកការហោះហើរថ្មីមកកម្ពុជានេះ គឺក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ដែលបានចុះចតលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង៩៖៤០នាទី នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ រាជធានីបាងកក នាវេលាម៉ោង៨៖៣០នាទី ពោលគឺធ្វើដំណើរក្នុងថេរវេលា១ម៉ោង១០នាទី។
ការចុះចតជើងដំបូងនេះត្រូវបានទទួលស្វាគមន៍ដោយភាគីកម្ពុជាយ៉ាងគគ្រឹកគគ្រេង ដែលមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន, លោក ពញ្ញារក្ស ពលទ័ព (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោក អាឡាំង ប្រង់ (Alian BRUN) នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ខណៈខាងប្រតិភូរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air ដឹកនាំដោយលោក វរង្គនាថ ឡាប្រាបាង (Woranate Laprabang) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ក្នុងពេលជួបវិបត្តិជំងឺកូវី១៩រយៈពេល២ឆ្នាំមកនេះ (២០២០-២០២២) ប្រទេសកម្ពុជាបានខកខានស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ឬជើងហោះហើរបរទេសថ្មីៗ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានផ្អាកជើងហោះហើរបណ្ដោះអាសន្ន ឬលែងហោះហើរទាំងស្រុង។ រយៈពេល២ឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air គឺជាក្រុមហ៊ុនអាកាសចរបរទេសទី១ ដែលបានបើកការហោះហើរថ្មីចូលមកកម្ពុជា។
ចំណែកឯកឧត្តម ប៉ាក់ សុខុម បានបង្ហាញក្ដីរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air នឹងនាំភ្ញៀវកាន់តែច្រើនពីទីក្រុងបាងកកមកកាន់ទីក្រុងភ្នំពេញ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។
ឯកឧត្តមបានបន្ថែមថា ទោះបីប្រទេសកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគោលដៅទេសចរណ៍ក្នុងប្រទេសត្រូវបានពង្រីកកាន់តែច្រើនឡើង។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍បានអំពាវនាវដល់ដៃគូក្រុមហ៊ុនអាកាសចរណ៍ និងអ្នកពាក់ព័ន្ធនានាបង្កើនការចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការលើកកម្ពស់ភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជា។
រីឯលោកជំទាវ ឆាយ ស៉ីវលីន បានបង្ហាញសុទិដ្ឋិនិយមថា ការតភ្ជាប់ការហោះហើរត្រង់បាងកក-ភ្នំពេញរបស់ក្រុមហ៊ុន Thai VietJet Air នេះ គឺជាសញ្ញាណដ៏ល្អថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍កម្ពុជា។ នេះក៏ដោយសារប្រទេសកម្ពុជាមានសក្ដានុពលគ្រប់គ្រាន់ ផ្ដល់នូវទំនុកចិត្តក្នុងការបើកជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាស ទោះបីថាក្រុមហ៊ុននេះពុំដែលហោះហើរចូលកម្ពុជាក៏ដោយ។
បើតាមលោកជំទាវប្រធានសមាគម CATA ការតភ្ជាប់ជើងហោះហើរត្រង់ថ្មីនេះនឹងបង្កលក្ខណៈងាយស្រួល និងភាពសម្បូរបែបដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ មានន័យថា ផ្ដល់នូវជម្រើសច្រើនដល់ភ្ញៀវទេសចរ ហើយក៏ជំរុញការសម្រេចចិត្តរបស់ភ្ញៀវទេសចរកាន់តែខ្លាំងក្នុងការធ្វើដំណើរចូលមកប្រទេសកម្ពុជា។
ម្យ៉ាងទៀត ចំពោះប្រជាជនក៏មិនសូវមានសម្ពាធ ឬមិនចាំបាច់ព្រួយបារម្ភអំពីការខ្វះមធ្យោបាយធ្វើដំណើរ ហើយក៏ពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរបរទេសផ្ទៃក្នុងផងដែរ។
លោកជំទាវបានថ្លែងយ៉ាងដូច្នេះថា «វិស័យទេសចរណ៍ គឺពឹងពាក់ទៅលើវិស័យដឹកជញ្ជូន (ផ្លូវអាកាស) កាលណាមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចូលមកកម្ពុជាកាន់តែច្រើន នោះវានឹងជួយជំរុញការស្ដារវិស័យទេសចរណ៍កាន់តែមានសន្ទុះ»។
លោកជំទាវបានបន្តទៀតថា ភាពសម្បូរបែបនៃការដឹកជញ្ជូនផ្លូវអាកាស ក៏ជំរុញឱ្យទំនាក់ទំនងរវាងទីភ្នាក់ងារទេសចរណ៍ជាមួយភ្ញៀវទេសចរ និងអ្នកដំណើរចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញដែរ។ នៅពេលមានដំណឹងអំពីមធ្យោបាយធ្វើដំណើរសម្បូរបែបបែបនេះហើយ ភ្ញៀវទេសចរនឹងមានការទំនាក់ទំនងសួរនាំអំពីផលិតផលទេសចរណ៍នៅប្រទេសកម្ពុជាឡើងវិញ ជំរុញឱ្យទីភ្នាក់ងារទេសចរណ៍កាន់តែមានឱកាសផ្ដល់ព័ត៌មានជូនភ្ញៀវទេសចរ ផ្សព្វផ្សាយពីផលិតផលទេសចរណ៍ដល់ភ្ញៀវ ឈានទៅដល់ការលក់កញ្ចប់ទស្សនកិច្ចជូនភ្ញៀវឱ្យមកទស្សនានៅប្រទេសកម្ពុជា។
នាឱកាសនោះដែរ អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air បានឱ្យដឹងថា ក្រុមហ៊ុន Thai VietJet Air បានរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការបន្តជើងហោះហើរអន្តរជាតិជាទៀងទាត់ ជាមួយនឹងផលិតផលអាកាសចរណ៍ថ្មីៗ និងតម្លៃសមរម្យ ដើម្បីផ្តល់ជូនអ្នកដំណើររបស់ខ្លួននូវបទពិសោធន៍ហោះហើរប្រកបដោយសុវត្ថិភាព និងតម្លៃទាបសមរម្យ។
លោក វរង្គនាថ ឡាប្រាបាង បានថ្លែងបន្តថា «យើងមានទំនុកចិត្តថាសេវាកម្មថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ ក៏ដូចជាការរួមចំណែកដល់ការរស់ឡើងវិញនៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល»។
លោកអគ្គនាយកបានបន្តទៀតថា Thai VietJet Air ដំណើរការការហោះហើរនៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ជាមួយនឹងរយៈពេល១ម៉ោង១០នាទី។ ចេញពីបាងកកនៅវេលាម៉ោង៨៖៣០នាទីព្រឹក មកដល់ភ្នំពេញនៅវេលាម៉ោង៩៖៤០នាទីព្រឹក និងត្រលប់ពីភ្នំពេញនៅវេលាម៉ោង១០៖៣០នាទីព្រឹក ទៅដល់បាងកកនៅវេលាម៉ោង១១៖៤៥នាទីថ្ងៃត្រង់។
ជាមួយគ្នានោះ លោកជំទាវ ឆាយ ស៉ីវលីន ក៏បានបញ្ជាក់បន្ថែមថា ការបើកជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai VietJet Air នេះ នឹងក្លាយជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលកំពុងពិចារណាលើលទ្ធភាពនៃការហោះហើរចូលមកកម្ពុជា ឬកំពុងគិតថាគួរតែហោះហើរចូលមកកម្ពុជានៅពេលណា។ សរុបមកគឺនឹងជួយជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។