នាយករដ្ឋមន្រ្តីជប៉ុន គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាចុងសប្តាហ៍នេះ
នៅចុងសប្តាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកទស្សនកិច្ចនៅកម្ពុជា។
តាមការចុះផ្សាយរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រយៈពេល២ថ្ងៃខាងមុខនេះ សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុននឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ផ្តោតលើវិស័យពាណិជ្ជកម្ម ការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ សន្តិសុខ និងការស្តារសង្គម សេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ រួមទាំងវិស័យផ្សេងៗទៀតផងដែរ។
ក្នុងអំឡុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំប្រទេសទាំងពីរនឹងធ្វើសន្និសីទកាសែតរួមគ្នាផងដែរ។
រយៈពេល២ថ្ងៃនៃទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីជប៉ុនក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះនាយករដ្ឋមន្ត្រីជប៉ុនក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធរបស់អតីតមន្ត្រីជប៉ុនចំនួន២រូបដែលបានពលីជីវិតក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ។
សម្រាប់កម្ពុជា ទស្សនកិច្ចរបស់ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជានេះគឺសបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។