អ៊ុយក្រែន បង្ហាញបញ្ជីអាទិភាពចំនួន ៦ចំនុច សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី
កៀវ៖ ផ្នែកសេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនរាយការណ៍ថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញបញ្ជីអាទិភាពចំនួន ៦ ក្នុងអំឡុងធ្វើកិច្ចចរចាសន្តិភាពជាមួយភាគីរុស្ស៊ី។
លោក ហ្សេលេនស្គី បានថ្លែងនៅក្នុងសន្ទរកថាទៅកាន់ប្រជាជាតិអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ថា អាទិភាពរបស់ខ្ញុំក្នុងការចរចា គឺច្បាស់ណាស់ ក្នុងនោះរួមមានការបញ្ចប់សង្គ្រាម ការធានាសន្តិសុខ អធិបតេយ្យភាព ការស្ដារឡើងវិញនូវបូរណភាពទឹកដី ការធានាពិតប្រាកដ និង ការការពារពិតប្រាកដសម្រាប់ប្រទេសរបស់យើង។ លោក ហ្សេលេនស្គី បន្ថែមថា ការចរចារវាងអ៊ុយក្រែន និងរុស្ស៊ីកំពុងបន្ត។
គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានចាប់ផ្តើមការចរចាជុំទី៤ របស់ពួកគេកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈតំណភ្ជាប់វីដេអូអនឡាញ ហើយកាលពីថ្ងៃពុធ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក មីខែលឡូ ប៉ូដូលីយ៉ាក បាននិយាយថា លោក ហ្សេលេនស្គី អាចនឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ដោយឡែកកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្គូវ ក៏បានអះអាងដែរថា ជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី គឺអាចកើតឡើងបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។