ប្រតិភូ​កីឡា​កម្ពុជា ទៅ​ដាក់​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក​ចុង​ក្រាយ​ជាង ៥០០​នាក់ សម្រាប់​ស៊ី​ហ្គេម ២០២២ នៅ​វៀតណាម​

​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា​នឹងដាក់​បញ្ជី​ឈ្មោះ​ចុងក្រោយ​លើ​៣៣​ប្រភេទ​កីឡា​ជាង​៥០០​នាក់​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជូន​ម្ចាស់ផ្ទះ វៀតណាម នៅក្នុង​កិច្ចប្រជុំ «​នាយ​បេសកកម្ម​១១​ប្រទេស​នៃ​អាស៊ីអាគ្នេយ៍​» ត្រៀម​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ គ្រោង​នឹង​ប្រកួត​ពីថ្ងៃ​ទី​១២​ដល់​២៣ ខែឧសភា ឆ្នាំ​២០២២​។​

​នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC ទទួលបន្ទុក​នាយ​បេសកកម្ម​ស៊ី​ហ្គេម មុនពេល​ចេញដំណើរ​ទៅកាន់​ប្រទេស​វៀតណាម កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

បេសកកម្ម​ដ៏​មាន​សារៈសំខាន់​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន នាយ​បេសកកម្ម ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង​ជា​អគ្គលេខាធិការ​ង CAMSOC ព្រមទាំង​ប្រធាន​គណៈកម្មការ​ជំនាញ​មួយចំនួន​នៃ CAMSOC និង​មន្ត្រី​អមដំណើរ​មួយចំនួនទៀត​។​

​នាយ​បេសកកម្ម​រូបនេះ​គូសបញ្ជាក់ថា កិច្ចប្រជុំ​ចុងក្រោយ នាយ​បេសកកម្ម​១១​ប្រទេស​នៃ​អាស៊ីអាគ្នេយ៍​នេះ​នឹង​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ (១៨-២០​មីនា​) ដោយមាន​របៀបវារៈ​ជាច្រើន​ដោយ​ត្រូវ​ពិភាក្សា​លម្អិត មុនពេល​បណ្តា​ប្រទេស​ទាំងអស់​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចូលរួម​ប្រជែង​មេដាយ ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន សង្កត់ធ្ងន់ថា គណៈប្រតិភូ​ចេញទៅ​ពេលនេះ គឺ​ដើម្បី​ពិនិត្យមើល​ការរៀបចំ​ជាមុន នូវ​កន្លែង​ហូបចុក ស្នាក់នៅ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច របៀបរបប​រៀបចំ​ដឹកនាំ​របស់​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម វៀតណាម ក៏ដូចជា​ដាក់​បង្ហាញ​នូវ​ទីលាន​ប្រកួត​ចុងក្រោយ​។ អ្វីដែល​ពិសេស គឺ​ក្រុម​ប្រិត​ភូ ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា នឹងចូលរួម​ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ​ជាង​ពេលណាៗ​ទាំងអស់ ដោយមាន​ចំនួន​ច្រើនជាង ៥០០​នាក់ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​មក​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នាយ​បេសកកម្ម​រូបនេះ​បន្ថែមថា ដំណើរ​កិច្ចប្រជុំ​លើក​នេះ ក៏​ផ្តោត​សំខាន់​លើ​ការយក​បញ្ជី​ឈ្មោះ​ចុងក្រោយ​របស់​ប្រតិភូ កីឡាករ កីឡាការិនី​កម្ពុ​ជាជាង​៥០០​នាក់​នេះ ទៅ​ប្រគល់ជូន​គណៈកម្មការ​ស៊ី​ហ្គេម​វៀតណាមរ​។

​ក្នុង​ដំណើរ​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃនេះ ក៏​នឹងមាន​កិច្ចប្រជុំ​ពិសេស​មួយ​រវាង CAMSOC និង​គណៈកម្មាធិការ ស៊ី​ហ្គេម វៀតណាម​ផងដែរ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស៊ី​ហ្គេម​វៀតណាម និង​ស៊ី​ហ្គេម​របស់​កម្ពុជា ថា​តើ​វៀតណាម​អាចជួយ​លើ​ផ្នែក​ណាខ្លះ ដូចជា​ការបណ្តុះបណ្តាល បច្ចេកវិទ្យា​ហ្គេម ឬ​បទពិសោធន៍​អ្វីខ្លះ ដែល​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣​កម្ពុជា បានស្នើ​នូវ​សំណូមពរ​ទាំងនោះ​។​

​ចំពោះ​ប្រតិភូ​១​ក្រុម​ទៀត គឺជា​ប្រតិភូ​ជាន់ខ្ពស់​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដែល​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន ដើម្បី​ចូលរួម​ទទួល​ទង់​ស៊ី​ហ្គេម ពី​ម្ចាស់ផ្ទះ​វៀតណាម បន្តវេន​ឆ្ពោះ​មក​ស៊ី​ហ្គេម ឆ្នាំ​២០២៣ របស់​កម្ពុជា នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ដែលជា​ថ្ងៃ​ពិធី​បិទ​ការប្រកួត​ស៊ី​ហ្គេម​ជា​ផ្លូវការ​នៃ​ស៊ី​ហ្គេម​វៀតណាម​។

​នៅក្នុង​ពិធី​បិទ​នេះ ក៏មាន​ការសម្តែង​ពី​ក្រុម​សិល្បៈ​វប្បធម៌​កម្ពុជា ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ និង​អត្ត​ព​លិ​ក​អាស៊ីអាគ្នេយ៍ ឆ្ពោះ​មក​ស៊ី​ហ្គេម ឆ្នាំ​២០២៣​របស់​កម្ពុជា​។ «​ដូច្នេះ​បេសកកម្ម​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ផង និង​ធ្វើការ​សង្កេត​ពិនិត្យ ដកស្រង់​បទពិសោធន៍​នៃ​របៀប​គ្រប់គ្រង ដឹកនាំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ មក​ច្នៃប្រឌិត​បន្ថែម និង​អនុវត្ត​នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ របស់​យើង​ឲ្យ​ទទួលបាន​ជោគជ័យ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close