ចាប់ខ្លួនមនុស្ស ៣នាក់ រឹបអូសគ្រឿងញៀនជាង ២០គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២០គីឡូក្រាម។
យោងតាមរបាយការណ៍ ដែលចេញនៅថ្ងៃទី២០ ខែមីនានេះ បានឱ្យដឹងថា អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១៧:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ មានការចូលរួមសហការពីនាយកដ្ឋានស៊ើបការខាងក្រៅនិងបច្ចេកទេស កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរកាស៊ើបស្រាវជ្រាវបង្ក្រាប ២គោលដៅផ្សេងគ្នា។
ក្នុងនោះ គោលដៅទី១ នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងសាតុធាតុញៀនប្រមាណជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរលំនៅឋាន។ និងគោលដៅទី២ បានឆែកលំនៅដ្ឋាន ចំណុច ផ្លូវបេតុង ផ្ទះលេខ ៥៩៤ ក្រុមទី១៧ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតអាវុធខ្លី១ដើម។
ជនសង្ស័យទាំង៣នាក់ រួមមាន ១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ, ២-ឈ្មោះហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ និង៣-ឈ្មោះ គង់ សុគន្ធារី ភេទស្រីអាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។ ដោយឡែកវត្ថុតាងដកហូតបាន រួមមានគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន ៦០ដុំ ស្មើទម្ងន់សុទ្ធ ២១ គ.ក្រ ១៧៥.០៩ក្រាម, អាវុធខ្លី១ដើម ម៉ាកឡុង១៩ និងមធ្យោបាយធ្វើសកម្មភាព រថយន្ត ម៉ាកព្រូស១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។