ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច នៅ​មី​យ៉ាន់​ម៉ា​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​អញ្ជើញ​ចាក​ចេញពី​កម្ពុជា​ហើយ ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​លើក​ដំបូង នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​។​

​ទស្សនកិច្ច​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ ដែល​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បន្ទាប់ពី​មេដឹកនាំ​ប្រទេស​នេះ គឺ​លោក មីន អោ​ង​ឡាំង បាន​យល់ព្រម​ឱ្យមាន​ការសម្របសម្រួល​មួយចំនួន​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា មាន​គោលបំណង​ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល ដើម្បី​ឈានទៅដល់​ការបញ្ចប់​អំពើហិង្សា ក៏ដូចជា​ការអត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត​ពី​គ្រប់ភាគី​ទាំងអស់ ការចែក​ចាយ​ជំនួយ​មនុស្សធម៌ ដោយមាន​ការគាំទ្រ និង​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​លើកទឹកចិត្ត​ឱ្យមាន​កិច្ច​ពិគ្រោះ​យោបល់​/​កិច្ចសន្ទនា​នយោបាយ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ក្រសួង​អះអាងថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​, លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២, លទ្ធផល​នៃ​កិច្ចពិភាក្សា​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នាពេល​ថ្មីៗ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close