ប្រទេស​ថៃ បន្ត​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ជាង ២​ម៉ឺន​នាក់ និង​ស្លាប់ ៨៨​នាក់

​បាងកក​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន​២៣,៤៤១​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ថៃ Bangkok Post​។​

​ក្រៅពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ អ្នកជំងឺ​ចំនួន ៨៨​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ផងដែរ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា ខណៈ​អ្នកជំងឺ​ចំនួន ២៣,១៥៣​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៣,៣៧៧,៤១០​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២៤,២៤៦​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ ៣.១១​លាន​នាក់​។ គិត​ត្រឹម​ពេលនេះ ប្រទេស​ថៃ​ត្រូវគេ​គណនា​ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ជាង ១២៧​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ៤៩.៩៩​លាន​នាក់ (៧១.៦% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស និង ២២.២៤​លាន​នាក់ (៣១.៩%) បាន​ចាក់​ដូ​ស​ជំរុញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close