សប្តាហ៍នេះ កម្ពុជា​អាច​នឹង​មានភ្លៀងក្នុង​កម្រិតពីខ្សោយ​ទៅ​បង្គួរ រួមជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឱ្យ​ដឹងថា នៅ​ក្នុង​សប្តាហ៍​នេះ ពោល​គឺពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២២ កម្ពុជា​អាច​នឹង​មានភ្លៀងក្នុង​កម្រិតពី​ខ្សោយ​ទៅបង្គួរ លាយ​ឡំទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់​ផងដែរ។

បើតាម​ក្រសួងធនធានទឹក លក្ខណៈស្ថានភាព​បែបនេះ គឺ​ដោយ​សារ​តែ​ព្រះរាជាណាចក្រ​កម្ពុជាយើង ទទួល​រង​នូវ​ឥទ្ធិពល​ពីជ្រលង​សម្ពាធ​ទាប (ឥណ្ឌា) និង​ខ្យល់​បក់​មកពីទិសអាគ្នេយ៍ ដែលនាំ​មក​នូវ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង។

ក្នុងនោះ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាចនឹងមានសីតុណ្ហភាព​ពី២៤ ទៅ​៣៦អង្សាសេ ហើយ​អាច​នឹង​មានភ្លៀងធ្លាក់លាយឡំទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ។ ដោយឡែកនៅ​ថ្ងៃទី២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាព​អាចមានពី២៣ ទៅ​៣៦អង្សាសេ ហើយ​ក៏​អាច​មានភ្លៀងក្នុងកម្រិតពីខ្សោយ​ទៅបង្កួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ផងដែរ។

ដោយ​ឡែក​សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអាចមានពី ២៣ ទៅ៣៤អង្សាសេ ព្រមជាមួយ​នឹង​ការធ្លាក់ភ្លៀង​ក្នុង​កម្រិតពីខ្សោយ​ទៅបង្កួរ ហើយ​នៅថ្ងៃទី២៨-២៩ ខែមីនា ភ្លៀង​នឹង​មានសន្ទុះកើនឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close