កិច្ចប្រជុំនាយបេសកកម្មត្រៀមស៊ីហ្គេម នៅទីក្រុងហាណូយ គឺកម្ពុជាទទួលបានលទ្ធផលផ្លែផ្កា
អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកនាយបេសកកម្ម ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា កិច្ចប្រជុំនាយបេសកកម្មរយៈពេល៣ថ្ងៃ (១៨-២០មីនា) នៅក្រុងហាណូយ ប្រទេសវៀតណាម គឺកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កា។
នៅក្នុងដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមនាយបេសកកម្មបានបញ្ជាក់ជូនថា លទ្ធផលជាផ្លែផ្កានេះមានដូចជា កិច្ចប្រជុំនាយបេសកកម្ម ៣ថ្ងៃ (ពីថ្ងៃទី១៨-២០មីនា) គឺគ្រប់នាយបេសកកម្មនៃបណ្តាប្រទេសអាស៊អាគ្នេយ៍ទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅ ជាពិសេសក្រុមប្រតិភូកម្ពុជាបានបំពេញបេសកកម្មជួរមុខ ដើម្បីត្រៀមបញ្ជូនក្រុមប្រតិភូកីឡា កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចូលរួមប្រកួតប្រជែងមេដាយ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាថ្ងៃទី១២-២៣ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេម វៀតណាម និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជួបពិភាក្សាគ្នាទល់មុខ ផ្លាស់ប្តូរបទពិសោធដល់គ្នាទៅវិញទៅមករវាងស៊ីហ្គេមរបស់វៀតណាម និងស៊ីហ្គេមរបស់កម្ពុជា។ គណៈកម្មាធិការជាតិនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាលម្អិតលើគម្រោងផែនការនៃការប្រគល់-ទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាមជូនដល់ម្ចាស់ផ្ទះស៊ីហ្គេមបន្តវេនរបស់កម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃបិទការប្រកួតជាផ្លូវការ។
ម្ចាស់ផ្ទះវៀតណាមជឿជាក់ថា ពិធីដ៏មានសារៈសំខាន់នេះនឹងធ្វើឲ្យមានភាពល្អប្រសើរ ដោយកម្ពុជានឹងមានការសម្តែងកម្មវិធីសិល្បៈវប្បធម៌ កីឡា នៅក្នុងឱកាសបិទការប្រកួត-ប្រគល់-ទទួលទង់ស៊ីហ្គេម ដើម្បីបើកការស្វាគមន៍យ៉ាងកក់ក្តៅជូនបណ្តាប្រទេសអាស៊ីអាគ្នេយ៍មកចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣របស់កម្ពុជាផងដែរ។
«ម្ចាស់ផ្ទះវៀតណាមនឹងរៀបចំកម្មវិធីបដិសណ្ឋារកិច្ចពិសេសមួយជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយប្រតិភូជាន់ខ្ពស់របស់កម្ពុជា សម្រាប់ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមផ្ទេរមកម្ចាស់ផ្ទះកម្ពុជា»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។
បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលលើការរបស់មន្ត្រីគណៈកម្មការជំនាញនានានៃ CAMSOC នៃគម្រោងឲ្យក្រុមកម្ពុជាបានចូលរួមសិក្សាស្វែងយល់ដកស្រង់បទពិសោធ ក្នុងការគ្រប់គ្រងដឹកនាំ ការៀបចំព្រឹត្តិការណ៍កីឡាឆ្ពោះមកស៊ីហ្គេមជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា។ ម្ចាស់ផ្ទះ វៀតណាម ក៏បានជួយដល់ហ្វឹកហាត់ត្រៀមនៅទៅនោះ មុនការប្រកួតលើប្រភេទកីឡាមួយចំនួនដែរ។
គួរបញ្ជាក់ថា ក្រុមប្រតិភូកីឡាកម្ពុជា ដែលរួមក្នុងបេសកកម្មដ៏មានសារៈសំខាន់រយៈពេល៣ថ្ងៃនេះដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្ម, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការរង CAMSOC អមដំណើរដោយប្រធានគណៈកម្មការជំនាញនៃCAMSOC និងមន្ត្រីមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។