ថៃ នាំចេញអង្ករអាចកើនដល់ ៨លានតោន ក្នុងឆ្នាំ២០២២នេះ
ការនាំចេញអង្កររបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងលើសពី ៨ លានតោន នៅឆ្នាំ២០២២នេះ។ ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ Chookiat Ophaswongse បានឱ្យដឹងទៀតថា ចំនួនកើនឡើងបែបនេះ គឺដោយសារតែភាពខ្សោយនៃប្រាក់បាត និងការកើនឡើងនៃតម្រូវការនៅក្នុងទីផ្សារពិភពលោក។
លោក Chookiat ថា ការនាំចេញអង្កររបស់ថៃឈានដល់ ១,៥ លានតោនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១ មានត្រឹម៩០ម៉ឺនតោន។
លោកបានបន្តថា ប្រសិនបើប្រទេសថៃអាចនាំចេញជាមធ្យម ៧០ ម៉ឺនតោនក្នុងមួយខែ នោះទំហំនាំចេញសរុបទំនងជាមានយ៉ាងហោចណាស់ ៨ លានតោននៅឆ្នាំនេះ លើសពី ៧ លានតោនដែលសមាគមបានព្យាករ កាលពីមុន។ តម្លៃនៃការនាំចេញត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៣០ ពាន់លានបាត កើនឡើងពី ១១០ ពាន់លាន កាលពីឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។