សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ នឹង​ចុះ​អនុស្សរណៈ​យោគយល់ ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ទស្សនកិច្ច​ការហ្វឹកហាត់​ប្រភេទ​កីឡា​មួយចំនួន

​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡា និង​ឯកឧត្តម​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​លោក​សាស្ដ្រាចារ្យ Yong-Kyu Ahn ប្រធាន​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ និង​មន្ត្រី​អមដំណើរ​ផ្សេងទៀត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​វេលា​ម៉ោង​២៣ និង​៣០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​។​

​ប្រតិភូ​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ នឹង​ចុះ​អនុស្សរណ​:​យោគយល់ (MoU) ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ទស្សនកិច្ច​ការហ្វឹកហាត់​ប្រភេទ​កីឡា​មួយចំនួន ដោយ​គ្រោង​នឹងធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​វត្តមាន​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​របៀបវារៈ​សំខាន់ៗ​នៃ​កម្មវិធី​ចុះ​អនុស្សរណ​:​យោគយល់​គ្នា នា​ព្រឹក​ថ្ងៃស្អែក​នេះ​នឹង​មានការ​ថ្លែង​សន្ទរកថា​ពី​ឯកឧត្តម​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ និង​លោក​សាស្ដ្រាចារ្យ Yong-Kyu Ahn ព្រមទាំង​សន្ទរកថា​ឯកឧត្តម ស សុខា ផងដែរ​។​

​តាម​គម្រោង​ដំណើរ​បេសកកម្ម​របស់​លោក​សាស្ដ្រាចារ្យ Yong-Kyu Ahn រយៈពេល​៤​ថ្ងៃ (២១-២៤​មីនា​) នៅ​កម្ពុជា ក្រៅ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លោក​សាស្ត្រ​សា​ចា​រ្យ​នឹង​អញ្ជើញ​ទស្សនកិច្ច​លើ​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើ​ប្រភេទ​កីឡា​មួយចំនួន ដូចជា​អត្តពលកម្ម តេ​ក្វាន់​ដូ WT យូ​ដូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ប្រភេទ​កីឡា​គុន​ដាវ និង​ប្រដាល់សកល នៅ​សកល​វិទ្យាល័យ​-​វិទ្យាល័យ​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close