អ៊ុយ​ក្រែ​ន បញ្ជាក់ថា កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​រុស្ស៊ី នឹង​ត្រូវធ្វើ​ប្រជាមតិ

​កៀវ​៖ ខណៈពេល​កំពុង​ប្រាប់​ពី​វឌ្ឍនភាព​ក្នុង​កិច្ចពិភាក្សា​ជាមួយ​រុស្ស៊ី​នោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី នៅ​ថ្ងៃ​ចន្ទ​ថ្លែងថា ការសម្របសម្រួល​ណាមួយ​ជា​ប្រវត្តិសាស្ត្រ​ដែល​ក្រុម​អ្នកចរចា​របស់លោក​បាន​ព្រមព្រៀងគ្នា នឹងត្រូវ​ទទួល​ការយល់ព្រម​ពី​ប្រទេស​ទាំងមូល តាមរយ​:​ការ​ធ្វេ​ី​ប្រជាមតិ​មួយ​។

​លោក ហ្សេ​លេន​ស្គី បាន​ប្រាប់​ទូរទស្សន៍​សាធារណៈរដ្ឋ​អ៊ុយ​ក្រែ​ន​ក្នុង​បទសម្ភាសន៍​មួយ​ថា ខ្ញុំ​បាន​ពន្យល់​ដល់​ក្រុម​ចរចា​ទាំងអស់​ថា នៅពេល​អ្នក​និយាយ​អំពី​ការផ្លាស់ប្តូរ​ទាំងអស់នេះ ហើយ​ពួកវា​អាចជា​ប្រវត្តិសាស្ត្រ យើង​នឹងមិន​ទៅណា​ទេ យើង​នឹង​មក​ធ្វើ​ប្រជាមតិ​។

​លោក​បន្តថា ប្រជាជន​នឹង​មានឱកាស​បញ្ចេញមតិ​របស់​ពួកគេ ហើយ​ផ្តល់​ចម្លើយ​របស់​ពួកគេ​ចំពោះ​ប្រភេទ​នៃ​ការសម្របសម្រួល​។ ថ្ងៃ​ចន្ទ​ដេ​ី​ម​សប្តាហ៍​នេះ គឺជា​ឱកាស​ដំបូង​ដែល​លោក ហ្សេ​លេន​ស្គី បានលើកឡើង​ពី​គំនិត​នៃ​ការបោះឆ្នោត​ប្រជាមតិ ចាប់តាំងពី​ទីក្រុង​ម៉ូស្គូ បាន​បញ្ជូន​កងទ័ព​ចូលទៅក្នុង​អ៊ុយ​ក្រែ​ន​ជិត​មួយខែ​មុន​។​

​ត្រលប់​ទៅ​ខែធ្នូ​វិញ បន្ទាប់ពី​មានការ​អំពាវនាវ​ពី​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង លោក ហ្សេ​លេន​ស្គី បាន​និយាយថា លោក​នឹងមិន​ច្រានចោល​ការបោះឆ្នោត​ប្រជាមតិ​របស់​អ៊ុយ​ក្រែ​ន​ទាំងអស់ ទាក់ទង​នឹង​សាធារណរដ្ឋ ដុន​បាស់ និង​ឧបទ្វីប​គ្រី​មេនោះ​ទេ ដែល​ប្រការនេះ​ទំនងជា​អាច​បញ្ឈប់​សង្គ្រាម ដែល​ត្រូវបាន បន្ត​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ឆ្នាំ ២០១៤​មក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close