ស្ងាត់ៗ រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះឆ្មក់ពិនិត្យផ្លាកលេខរថយន្ត​តាម​រយៈ QR Code ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញ ចុះឆ្មក់ពិនិត្យរថយន្តនៅតាមផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការចុះឆ្មក់ពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងវាយបញ្ចូលព័ត៌មានផ្លាកលេខយានយន្តទៅក្នុងកម្មវិធីដែលរៀបចំឡើងដោយក្រុមមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា លេខសម្គាល់រថយន្តទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាតឱ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ការគេចវេសពីការបង់ពន្ធនាំចូល។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏​បានកត់សម្គាល់ផងដែរអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះក្នុងការជួយត្រួតពិនិត្យ ទប់ស្កាត់ការក្លែងបន្លំផ្លាកលេខសម្គាល់រថយន្ត ជាពិសេសកាត់បន្ថយរថយន្តផ្លាកលេខក្លែងក្លាយដែលប្រើក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close