ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាលា​មធ្យម​វិចិត្រសិល្បៈ ជួបពិភាក្សា​គ្នា​ដើម្បី​លើកកម្ពស់​ការសិក្សា​ផ្នែក​សិល្បៈ​សូន​រូប តូរ្យតន្ត្រី និង​សិល្បៈ​នាដ​សាស្ត្រ​

កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ នា​សាលា​មធ្យម​វិចិត្រសិល្បៈ ដែលមាន​ទីតាំងនៅ​បឹង​បា​យ៉ាប ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គណៈប្រតិភូ​មកពី​សាក​ល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សាកលវិទ្យាធិការ ហេង សុ​ផា​ឌី បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈ​គ្រប់គ្រង និង​លោកគ្រូ​-​អ្នកគ្រូ​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​ដឹកនាំ​ដោយ​លោក ហេង កំសាន្ត នាយក​សាលា​។

​ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ផែនការ និង​វិធីសាស្ត្រ​លើកកម្ពស់​ការរៀន​រប​ស់សិ​ស្ស​-​និស្សិត និង​ការបង្រៀន​របស់លោក​គ្រូ​-​អ្នកគ្រូ​លើ​វិស័យ​សិល្បៈ​សូន​រូប សិល្បៈ​នាដ​សាស្ត្រ និង​តូរ្យតន្ត្រី​ដើម្បី​ធានាបាន​ថា សិស្ស​ដែល​រៀន​ចប់​ពី​សាលា​មធ្យម​វិចិត្រសិល្បៈ ហើយ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។

​ស្ថាប័ន​អប់រំ​បណ្តុះបណ្តាល​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និត​តាំងពី​ការកកើត​មក​។ ពោលគឺ ក្រោយពី​បញ្ចប់​ការសិក្សា សិស្សសាលា​មធ្យម​វិចិត្រសិល្បៈ​ភាគច្រើន​បាន​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​មហាវិទ្យាល័យ​ចំនួន​៣​នៃ​សាកល​វិទ្យា ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​គឺ មហាវិទ្យាល័យ​សិល្បៈ​សូន​រូប មហាវិទ្យាល័យ​តូរ្យតន្ត្រី និង​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ​។

​នាឱកាស​ជំនួប​នេះ ភាគី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានធ្វើ​បទ​បង្ហាញ​អំពី​កម្មវិធីសិក្សា​ដែល​និស្សិត​ត្រូវ​រៀន​ចាប់ពី​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​រហូតដល់​ថ្នាក់​បញ្ចប់ និង​រៀបរាប់​ពី​ផល​លំបាក​ដែល​សិស្សសាលា​មធ្យម​វិចិត្រសិល្បៈ​បាន​ជួបប្រទះ​អំឡុងពេល​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។  ​ការធ្វើ​បទ​បង្ហាញ និង​ការរៀបរាប់​ពី​ផល​លំបាក​នេះ​ធ្វើឡើង​ដើម្បី​ជួយ​អភិវឌ្ឍ​គ្នា​ទៅវិញទៅមក​ព្រោះ​សិស្ស​-​និស្សិត​ដែល​រៀន​នៅ​មហាវិទ្យាល័យ​ទាំងបី​ខាងលើ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​កេរដំណែល​ដូនតា និង​សិល្បៈ​វប្បធម៌​ជាតិ​។

​លោក ហេង កំសាន្ត នាយក​សាលា​មធ្យម​វិចិត្រសិល្បៈ​បាន​សំដែង​ក្តី​រីករាយ និង​បាន​រៀបរាប់​ផល​លំបាក​មួយចំនួន​ដែល​សាលា​មធ្យម​វិចិត្រសិល្បៈ​បាន​ជួបប្រទះ ជាពិសេស​កង្វះ​សិស្ស​ចូលរៀន​ឯកទេស​មួយចំនួន​។ ​លោក​បាន​បន្ថែមទៀតថា គណៈ​គ្រប់គ្រង​របស់​សាលា​មធ្យម​វិចិត្រសិល្បៈ និង​លោកគ្រូ​-​អ្នកគ្រូ នឹង​ខិតខំ​រិះរក​មធ្យោបាយ​ដើម្បី​លើកទឹកចិត្ត​សិស្ស​ឱ្យ​ចូលរៀន​កាន់តែ​ច្រើនឡើង ជាពិសេស​ឯកទេស​ដែល​ងាយ​នឹង​ការបាត់បង់​ដូចជា​គំនូរ​ផ្សព្វផ្សាយ និង​ឯកទេស​ចម្លាក់​ស្ពាន់​ជាដើម​។

​គណៈប្រតិភូ​នៃ​ស្ថាប័ន​ទាំងពីរ​មានចិត្ត​សោមនស្ស​រីករាយ​ក្រោយពី​បាន​ជួបពិភាក្សា​គ្នា​អស់​រយៈពេល​ជាង​៣​ម៉ោង​ព្រោះ​ស្ថាប័ន​ទាំងពីរ​នេះ​មិនអាច​ខ្វះ​គ្នា​បានទេ​។ ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំងពីរ​ឯកភាពគ្នា​ក្នុង​ការបន្ត​កិច្ចពិភាក្សា​ជាមួយគ្នា​ឱ្យបាន​ញឹកញាប់​ដើម្បី​រិះរក​មធ្យោបាយ​លើកកម្ពស់​វិស័យ​អប់រំ និង​វិស័យ​ជំនាញ​ឯកទេស ដូចជា​តូរ្យតន្ត្រី នាដ​សាស្ត្រ និង​សិល្បៈ​សូន​រូប​។ នា​អនាគត​ដ៏​ខ្លី​ខាងមុខនេះ ស្ថាប័ន​ទាំងពីរ​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្នែក​គរុកោសល្យ​ដល់​លោកគ្រូ​-​អ្នកគ្រូ​ដើម្បី​អភិវឌ្ឍ​ការបង្រៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close