អឺរ៉ុប រឹបអូស​ប្រាក់ និង​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​រុស្ស៊ី​បន្ថែមទៀត​

​ព្រុ​ច​សែ​ល​៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​អ៊ីតាលី និង​ហូ​ឡង់​បាន​បង្កក​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ ១.៧​ពាន់​លាន​ដុល្លារ​ដែលជា​កម្មសិទ្ធិ​រប​ស់​ពលរដ្ឋ​រុស្ស៊ី ស្របតាម​ការដាក់ទណ្ឌកម្ម​របស់​ប្លុក​នេះ​ប្រឆាំងនឹង​ទីក្រុង​ម៉​ស្គូ ជុំវិញ​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​។

​នាយករដ្ឋមន្ត្រី​អ៉ី​តា​លី​លោក Mario Draghi បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​អ៊ីតាលី​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ជាង ៨៨២​លាន​ដុល្លារ (៨០០​លាន​អឺរ៉ូ​) ដែលជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​រុស្ស៊ី​នៅក្នុង​បញ្ជីខ្មៅ​របស់​សហភាព​អឺរ៉ុប បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លែ​ន​ស្គី បាន​និយាយ​ទៅកាន់​សភា​អ៊ីតាលី តាមរយៈ​វីដេអូ​អន​ឡាញ​។ ​នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន ANSA​។ ជាមួយគ្នានេះ ប្រទេស ហូ​ឡង់ នៅ​ថ្ងៃ​អង្គារ​ក៏បាន​ប្រកាស​បង្កក​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​រុ​ស្ស៉ី​បន្ថែមទៀត​ផងដែរ​។

​គួរ​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​រប​ស់​សហភាព​អឺរ៉ុប​ប្រឆាំងនឹង​រុស្ស៊ី​ជុំវិញ​ជម្លោះ​របស់ខ្លួន​ជាមួយ​អ៊ុយ​ក្រែ​ន បានកំណត់​គោលដៅ​លើបុគ្គល ឬ​អង្គភាព​រុស្ស៊ី​ជាង ៥០០ ដែល​ទ្រព្យសម្បត្តិ និង​ធនធាន​ហិរញ្ញវត្ថុ​របស់​ពួកគេ​ត្រូវ​ទទួលរង​នូវ​ការ​រឹបអូស​។ បន្ថែម​លើ​នេះ សហភាព​អឺរ៉ុប រួមជាមួយ​នឹង​សម្ពន្ធមិត្ត​របស់ខ្លួន គឺ​សហរដ្ឋអាមេរិក កាណាដា ជប៉ុន អូស្ត្រាលី និង​ចក្រភព​អង់គ្លេស បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ ក្នុង​គោលបំណង​អនុវត្ត​ការដាក់ទណ្ឌកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close