មន្ត្រីនគរបាលប្រើហិង្សាលើកូនចុង ត្រូវសមត្ថកិច្ចចាប់ខ្លួន

(សៀមរាប) ៖ មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ដែលត្រូវចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើកូនចុងអាយុ​១៣ខែ ហើយ​ត្រូវ​បានចែកចាយ​នៅលើ​បណ្តាញ​សង្គម​នោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនហើយកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

សមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារ​សន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា មន្ត្រីនគរបាលរូបនេះ ត្រូវសមត្ថកិច្ចនាំខ្លួនពីសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ទីដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង ។

បើតាមសមត្ថកិច្ចថា កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ លោក​ព្រិន្ទបាល​ឯក លក្ខិណា វីរៈរិទ្ធ និងម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បីទៅជួបគ្នា។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរងគ្រោះ តែកុមារី​មិន​ព្រមស្រាប់តែក្រោយមក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ​ព្រោះខ្នាញ់ពេក។

នៅថ្ងៃទី១៩ ខែមីនា លោក លក្ខិណា វីរៈរិទ្ធ ​បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែល​ក្នុងថ្ងៃ​នោះដដែល​ ជនបង្ក ​បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេល​ម្តាយជន​រងគ្រោះមិននៅ ធ្វើឲ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើបំរាស់។

នៅថ្ងៃទី២០ ខែមីនា ម្តាយក្មេងរងគ្រោះ បានទាក់ទងរកមិត្តភក្កិ ឲ្យមកទទួលខ្លួន និងកូន ចាក​ចេញ​ពីខេត្តព្រះសីហនុ។ រីឯជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលា​នគរបាលជាតិ​មិត្តភាព កម្ពុជា-វៀតណាម ។

សមត្ថកិច្ច បានបន្តថា បន្ទាប់នាំខ្លួនពីខេត្តកំពង់ស្ពឺ ​មកកាន់ខេត្តសៀមរាប ​ទាំងយប់នោះ ​នៅព្រឹក ថ្ងៃទី២៣ ខែមីនា ​សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យនេះ​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close