សម្តេចតេជោ បញ្ជាឲ្យអភិបាលខេត្ត តាមដងទន្លេសាបទាំងអស់ ត្រូវកម្ចាត់ក្រុមឈ្មួញទុចរិត ដែលបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃនេះ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្មដែលបាន ខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផល ជាច្រើនក្នុង វិស័យកសិកម្ម។
នៅក្នុងឱកាសនោះ សម្តេចតេជោនាយកដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ត្រូវបន្តជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០” ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក និងនាំចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែងតម្លៃទីផ្សារ ។ ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យក្លាយជាសហគមន៍នេសាទគ្មាន បទល្មើសជលផល ។ ត្រូវពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផល ត្រូវថែរក្សាការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់ការធ្វើពាណិជ្ជកម្មខុសច្បាប់ប្រភេទធនធានជលផល ។ ត្រូវបញ្ចប់ ការរៀបចំវិសោធនកម្មច្បាប់ស្តីពីជលផល ដើម្បីពង្រឹងការគ្រប់គ្រង និងអនុវត្តអនុវិស័យជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ។
ត្រង់ចំនុចនេះ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអោយអាជ្ញាធរ ជាពិសេសអភិបាលខេត្តតាមដងទន្លេសាបទាំងអស់ ត្រូវអនុវត្តបញ្ជារបស់សម្តេចក្នុងការកម្ចាត់ក្រុមឈ្មួញទុចរិតដែលបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍ឯកជននានា ចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេច ដែលអត្ថាធិប្បាយលើការបញ្ជាឱ្យលុបបំបាត់ឡូតិ៍នេសាទ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។
សម្តេចតេជោបានថ្លែងថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ។ ទាក់ទងនឹងបទបញ្ជាបទល្មើសនេសាទនេះផងដែរ សម្តេចតេជោក៏បានណែនាំឱ្យប្រើឧទ្ធម្ភាគចក្រផងដែរ ក្នុងប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទនោះ។ សម្តេចតេជោបានមានប្រសាសន៍ថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាចតែប៉ុណ្ណោះ តែបទល្មើសធំៗបង្ក្រាបអត់ដែលបាននោះទេ។
ទន្ទឹមនឹងនោះសម្តេចតេជោក៏បានថ្លែងផងដែរថា បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច តែបទល្មើសធំបង្ក្រាបអត់បានទេ។ ដូច្នេះ សម្តេចតេជោបានចេញបទបញ្ជានៅថ្ងៃនេះជាបន្តទៀត ដើម្បីអោយបង្ក្រាបបទល្មើសនេសាទនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។