ករណីប្លន់ម៉ូតូ! បាញ់សម្លាប់ចោរប្លន់ម្នាក់ នៅខណ្ឌដង្កោ
ភ្នំពេញ៖ ការភ្ញាក់ផ្អើលមួយកើតឡើង នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដោយសារសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកព្រលឹម ថ្ងៃកើតហេតុ មានបុរសម្នាក់ដែលជាជនរងគ្រោះ បានធ្វើដំណើរនៅលើដងផ្លូវតែម្នាក់ឯង ដោយជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ឆ្នាំ២០២២ នៅលើផ្លូវ ៣០ម៉ែត ដោយធ្វើដំណើរហួសវត្តឫស្សីសាញ់បានបន្តិច ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿង និងប្រដាប់ដោយអាវុធខ្លីមួយដើម បានជិះមកក្បែរជនរងគ្រោះ និងធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច។ លុះពេលដែលជនជនសង្ស័យលើកម៉ូតូរបស់ជនរងគ្រោះ បម្រុងជិះរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះដកអាវុធខ្លីបាញ់ទៅលើជនសង្ស័យជាច្រើនគ្រាប់ បណ្ដាលឱ្យដេកស្លាប់លើម៉ូតូ នៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យ ៣នាក់ទៀត ក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល តែជនរងគ្រោះដែលជាអ្នកបាញ់ទៅលើក្រុមចោរប្លន់ស្លាប់ មិនបានរត់គេចខ្លួនទេ ដោយសមត្ថកិច្ចធ្វើការឃាត់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។