ការប្រកួតការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ចាប់ផ្តើមថ្ងៃស្អែក ដោយមាន៩ប្រទេស រួមទាំងម្ចាស់ផ្ទះ កម្ពុជា
ក្រុមកីឡាករ កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជាបានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ (The 9th South East Asian Karate Championship 2022) លើកទី៩ ពីថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមាន៩ប្រទេសចូលរួម រួមទាំងម្ចាស់ផ្ទះកម្ពុជា។
ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩នេះ គឺជាលើកដំបូងសម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ហើយនេះក៏ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់របស់ក្រុមអត្តពលិកការ៉ាតេកម្ពុជា ក៏ដូចជាអត្តពលិកក្នុងអាស៊ីអាគ្នេយ៍ទាំងមូលបង្កើនបច្ចេកទេសត្រៀមចូលរួមប្រកួត ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ។ ជើងឯកអាស៊ីអាគ្នេយ៍នេះក៏ជារឿងដ៏សំខាន់ បំផុតសម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងការរៀបចំគ្រប់គ្រង និងទាំងការសម្រួចបច្ចេកទេសទៀតផង។
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រយៈពេល៣ថ្ងៃនេះ គឺមានអត្តពលិកចូលរួម ៩ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ខណៈមីយ៉ាន់ម៉ា និងទីម័រខាងកើតមិនចូលរួម។ ៩ប្រទេសនេះមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងសរុប ១២១នាក់ ក្នុងនោះកម្ពុជាមាន២០នាក់។
កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សន្និបាតសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ មុនរៀបចំការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ នាថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២២។
ថ្លែងក្រោយបញ្ចប់សន្និបាតនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជាចាត់ទុកថា ការរៀបចំសន្និបាតនេះទទួលបានលទ្ធផលជាផ្លែផ្កា ព្រមជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីម្ចាស់ផ្ទះ កម្ពុជា។ លទ្ធផលនៃសន្និបាតនេះ គឺសមាជិកអាស៊ីអាគ្នេយ៍បានបោះឆ្នោតគាំទ្រប្រធានសហព័ន្ធអាណត្តិថ្មី មកពីប្រទេសវៀតណាម គឺលោក Vu Son Ha ខណៈឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធការ៉ាតេកម្ពុជាបានជាប់ឆ្នោតជាអនុប្រធានទី៣ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ និងឯកឧត្តម ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង សហព័ន្ធការ៉ាតេកម្ពុជា ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា នេះជាគោលបំណង និងជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលជំរុញឲ្យយើងខិតខំអភិវឌ្ឍទាំងផ្នែកជំនាញ ទាំងផ្នែកការគ្រប់គ្រង ដឹកនាំ ក្នុងចលនាកីឡាការ៉ាតេ នៅក្នុងតំបន់ ទ្វីប និងពិភពលោក ជាបន្តបន្ទាប់។ «ក្រោមការជំរុញទឹកចិត្តដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ យើងខ្ញុំជាប្រតិបត្តិករកីឡារបស់សហព័ន្ធទាំងអស់ ពិតជាខិតខំអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ឲ្យការរៀបចំធ្វើម្ចាស់ផ្ទះ សន្និបាត និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ឲ្យទទួលបានលទ្ធផលល្អ ជាពិសេសគឺប្រឹងប្រែងកសាងនូវអនុស្សាវរីយ៍ល្អៗរបស់កម្ពុជា ជូនដល់សមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ រួមទាំងសុខសុវត្ថិភាពទៀតផង។ ជារួម យើងនឹងខិតខំធ្វើឲ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។