រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរ ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង នៅ​ថ្ងៃទី​២៨ មីនា

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការបញ្ចៀស​ចរាចរ​យាន​យន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រេ​ី​ប្រាស់​អគារ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។​



សេចក្ដីជូនដំណឹង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ០៥៖០០​នាទី ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​នឹង​រៀប ចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដែល​ស្ថិតនៅ​ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​រហូតដល់​បញ្ច​ប់ក​ម្ម​វិធី ដោយ​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ព្រះ​នរោត្តម ចាប់ពី វិថី​ឧកញ៉ា​អ៊ុង​ប៊ុន​ហ៊ូ​វ (​ផ្លូវ​លេខ​១០៨) ដល់​វិថី​ខេមរភូមិន្ទ (​ផ្លូវ​លេខ​១៣០) កំណាត់​វិថី​ព្រះ​អង្គឌួង (​ផ្លូវ​លេខ​១១០) ចាប់ពី​វិថី​ប៉ាស្ទ័រ (​ផ្លូវ​លេខ​៥១) ដល់​វិថី​ព្រះអង្គ​យុគន្ធរ (​ផ្លូវ​លេខ​១៩) កំណាត់​វិថី​ក្រមួនស (​ផ្លូវ​លេខ​១១០) ចាប់ពី​វិថី​ប៉ាស្ទ័រ (​ផ្លូវ​លេខ​៥១) ដល់​មហាវិថី​ព្រះ​នរោត្តម កំណាត់​វិថី​ព្រះ​ជ័យជេដ្ឋា​(​ផ្លូវ​លេខ​១១៨) ចាប់ពី​វិថី​ប៉ាស្ទ័រ​ (​ផ្លូវ​លេខ​៥១) ដល់​វិថី​ព្រះអង្គ​យុគន្ធរ (​ផ្លូវ​លេខ​១៩) និង​កំណាត់​វិថី​ព្រៃនគរ (​ផ្លូវ​លេខ​១២៦) ចាប់ពី​វិថី​ប៉ាស្ទ័រ (​ផ្លូវ​លេខ​៥១) ដល់​មហាវិថី​ព្រះ​នរោត្តម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close