សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប

​នៅ​ព្រឹក​ថ្ងៃ​ច ទី​៤ ខែមេសា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន​៣៨​ខ្សែ និង​ការកែលំអរ​ដងស្ទឹង​សៀមរាប ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​មួយចំនួនទៀត​ក្នុង​ក្រុង​សៀមរាប​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នាពេលនេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​ដល់គ​ណៈ​កម្ម​ការ​អន្តរក្រសួង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ឱ្យ​ក្លាយជា​សមិទ្ធផល​ដ៏​ល្អ​ប្រណិត​នាពេលនេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា ផ្លូវ​ទាំង​៣៨​ខ្សែ​គឺជា​ការយក​កម្ពុជា​ចិញ្ចឹម​កម្ពុជា ពីព្រោះ​ការសាងសង់​ផ្លូវ​ទាំងនេះ ជាការ​សាងសង់​ដោយ​កូន​ខ្មែរ និង​ជា​ថវិកា​របស់​ជាតិ​ផ្ទាល់​តែម្តង មិនមាន​បរទេស​ណា​ចូលរួម​នោះទេ​។​សម្តេច​តេ​ជោ​ពិតជា​រីករាយ​ចំពោះ​សមិទ្ធផល​ថ្មី​នេះ និង​ប្រកាស​ជាថ្មី​ថា សមិទ្ធផល​ទាំងអស់​ដែល​កើតមាន​ឡើងលើ​ទឹកដី​នៃ​ខេត្តសៀមរាប​នេះ ត្រូវ​ប្រសិទ្ធ​នាម​ថា ជាតា​រា​រះ​នា​ទិសឧត្តរ​។

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្តទៀតថា ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ សុទ្ធ​តែមាន​ព្រះនាម​ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និង​ឥស្សរជន​សំខាន់ៗ​កម្ពុជា ដែល​បាន​សាង​ស្នាម​ព្រះ​ហ​ស្ថ និង​ស្នាដៃ​ចំពោះ​ជាតិ​នាពេល​កន្លងមក​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការសាងសង់​ផ្លូវ និង​កែលំអរ​ស្ទឹង​សៀមរាប មិនអាច​កាត់ផ្តាច់​នូវ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នោះឡើយ ពីព្រោះ​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​រង​ប៉ះពាល់​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប ហើយ​ដែល​បាន​ស្ម័គ្រ​ចាក​ចេញពី​កន្លង​ដែល​ត្រូវ​សាងសង់ និង​ប្រគល់​ដី​ជូន​អាជ្ញាធរ​។

​សម្តេច​តេ​ជោ​បាន​ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់ជាតិ និង​អាជ្ញាធរ​ខេត្តសៀមរាប ត្រូវ​យកចិត្តទុកដាក់​លើ​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​ត្រូវបាន​ផ្លាស់​ចេញពី​កន្លែង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​កែលំអរ​ស្ទឹង​សៀមរាប ហើយ​ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍ​តេ​ជោ​រុណ​តា​ឯក​នោះ​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្នុងការ​កែលម្អ​ដងស្ទឹង​សៀមរាប​នោះ យើង​មិនអាច​ចាក់​បេតុង​នៅតាម​ច្រាំង និង​មាត់​ស្ទឹង​នោះទេ ព្រោះ​ជា​តំបន់​អភិរក្ស និង​ជា​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ ដែល​បាន​កំណត់ថា​ប្រាសាទ​អង្គរ​ត្រូវបាន​ដាក់ចូល​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

​សម្តេច​ក៏បាន​អរគុណ​ដល់ ICC-Angkor ដែល​បាន​ចូលរួម​អភិរក្ស​ប្រាសាទ​អង្គរ និង​ក្រុង​សៀមរាប ហើយ​កម្ពុជា​បាន​ចុះហត្ថលេខា​ការងារ​ជា​បន្តទៀត​ជាមួយ ICC-Angkor ក្នុងការ​អភិរក្ស​ប្រាសាទ​អង្គរ និង​ការអភិវឌ្ឍ​ក្នុង​ក្រុង​សៀមរាប រយៈពេល​១០​ឆ្នាំ​បន្តទៀត បន្ទាប់ពី​អនុវត្តបាន​៣០​ឆ្នាំ​មកហើយ​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ប្រតិកម្ម​នឹង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយចំនួន ដែល​ចង់ឱ្យមាន​ការអភិវឌ្ឍ​អគារ​ខ្ពស់ៗ​នៅក្នុង​ក្រុង​សៀមរាប​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ប្រសិនបើ​ធ្វើ​អគារ​ខ្ពស់ៗ​បែប​នោះ អង្គរវត្ត​នឹងត្រូវ​ដកចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ​។ សម្តេច​បានផ្តល់​ដំបូន្មាន​ដល់​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ថា ត្រូវ​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើម​។

​សម្តេច​តេ​ជោ​បាន​ជម្រាប​ទៅ​យូណេស្កូ ថា​សូមកុំ​បារម្ភ​ចំពោះ​ការអនុវត្ត​នូវ​លក្ខខណ្ឌ​ទាំងឡាយ​ចំពោះ​ការអភិរក្ស​នៅ​តំបន់​ក្រុង​សៀមរាប គឺ​កម្ពុជា​មិន​កាប់​មេមាន់​ដើម្បី​ឆ្ងាញ់​មួយពេល​នោះទេ ផ្ទុយទៅវិញ​គឺ​កម្ពុជា​ត្រូវ​ចិញ្ចឹម​មេមាន់​ឱ្យ​ធំធាត់ ដើម្បី​យក​ពង​យូរអង្វែង​។​ ​នៅថ្ងៃនេះ ដោយសារ​ថ្ងៃទី​៤​មេសា​នេះ ដែលជា​ថ្ងៃកំណើត​ផ្លូវការ​របស់​សម្តេច ដូច្នេះ សម្តេច​សូម​យក​ឱកាស​នេះ​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះមហាក្សត្រ អរ​ព្រះ​គុណ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ជូនពរ​សម្ដេច​ក្នុងថ្ងៃនេះ​។ សម្តេច​តេ​ជោ​បន្តថា ថ្ងៃនេះ​កាលពី​៥២​ឆ្នាំមុន ជា​ពេលដែល​សម្តេច​ក្លាយជា​យុទ្ធជន ដែល​បានធ្វើ​ដំណើរ​តស៊ូ​ចូលទៅ​ក្នុងព្រៃ តាម​ការអំពាវនាវរ​បស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ​។

​ជាថ្មី​ម្ដងទៀត នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ សម្ដេច​តេ​ជោ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​កម្សាន្ត​សប្បាយរីករាយ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង ប៉ុន្តែ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពី​ការ​ចម្លងជំងឺ​កូ​វីដ​-១៩​។ ​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃនេះ និង​បាន​ជូនពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា ហើយក៏​បានប្រកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ថា​រចនាសម្ព័ន​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ចាប់ពីពេលនេះ​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close