៣​ខែ ដើមឆ្នាំ​២០២២! កម្ពុជា នាំចេញ​កសិផល​ជាង ៣​លាន​តោន ទៅកាន់ ៥៧​ប្រទេស កើនឡើង​១១,១៦%

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០២២​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស ដែល​អគ្គនាយកដ្ឋាន​ក​សិ​កម្ម​ទទួលបាន ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) មាន​បរិមាណ​សរុប ៣ ៤៣៤ ០៧០,៦៣​តោន ទៅកាន់​ទិសដៅ ៥៧​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ៣៤៤ ៨៦០,៧១​តោន ស្មើនឹង ១១,១៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ដែល​ទទួលបាន​ត្រឹមតែ ៣ ០៨៩ ២០៩,៩២​តោន​។

 

​កសិផល​សំខាន់ៗ ដែល​បាន​នាំចេញ​មាន ដូចខាងក្រោម​៖
​អង្ករ ១៧០ ៥៣៩​តោន កើនឡើង​១០,៩៦%, ​ស្រូវ ១ ៣៩០ ១៨១​តោន កើនឡើង ១៣,៨០% និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ ២ ៣៥៤ ៩០៦,៦៣​តោន កើនឡើង ៣,៤១% រួមមាន​៖ ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្ស៉ៅ​ដំឡូង​មី កាកសំណល់​ដំឡូង​មី គ្រាប់ស្វាយចន្ទី​ឆៅ គ្រាប់ស្វាយចន្ទី​កែច្នៃ គ្រាប់ពោត គ្រាប់​សណ្តែកបាយ គ្រាប់​សណ្តែកសៀង ផ្លែ​ចេក​ស្រស់ ផ្លែ​ក្រូចថ្លុង ផ្លែស្វាយ​ស្រស់ ដំណាប់​ស្វាយ ទឹក​ស៊ី​រ៉ូ​ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់ ម្ទេស​ក្រៀម និង​ផលិតផល​ចំនួន ៤៤​មុខ ផ្សេងទៀត​។

​ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០២២​នេះ ការនាំចេញ​កសិផល គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន ១ ២៦៨ ៥៩៣ ៧៨០,៧៣​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖
– ការនាំចេញ​អង្ករ​មាន​ចំនួន ១៤៥ ៨១០ ៨៤៥​ដុល្លារ​អាមេរិក
– ការនាំចេញ​ស្រូវ​មាន​ចំនួន ២៤៨ ៨៤២ ៣៩៩​ដុល្លារ​អាមេរិក
– ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ៨៧៣ ៩៤០ ៥៣៦,៧៣​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close