ជិតចូលឆ្នាំ ពលករខ្មែរសម្រុកចូលប្រទេសវិញដូចទឹកបាក់ទំនប់
ខណៈនៅប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតចូលមកដល់នេះ គេសង្កេតឃើញថា មានពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃរាប់រយនាក់ បានកំពុងសម្រុកត្រឡប់ចូលមកប្រទេសវិញតាមច្រកព្រំដែននានា។
បើតាមការបញ្ជាក់របស់ លោក សេក សុខុម អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យថា ជិតកៀកថ្ងៃបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គឺមានពលករខ្មែរមកពីថៃចូលមកកម្ពុជាច្រើនជាងមុន បើធៀបនឹងថ្ងៃកៀកចូលឆ្នាំខ្មែរឆ្នាំ២០២១កន្លងទៅនេះ។ លោកថា ជាមធ្យមបើថ្ងៃធម្មតាមានពលករប្រមាណ១០០ទៅ២០០នាក់បានវិលត្រឡប់ចូលកម្ពុជា តែជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះគឺមានពលករចន្លោះពី២០០ ទៅ៣០០នាក់បានវិលត្រឡប់មកកម្ពុជាតាមច្រកព្រំដែនចំនួន៣ គឺច្រកអូរ៣ជាន់ ច្រកបឹងត្រកួន និងច្រកម៉ាឡៃ។
អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យរូបនេះ ក៏បានបញ្ជាក់ដែរថា កំណើនពលករខ្មែរដែលវិលមកមាតុភូមិនៅកៀកថ្ងៃបុណ្យចូលឆ្នាំខ្មែនេះ ក៏ដោយសារតែកន្លងមកភាគីថៃ និងកម្ពុជាបានបន្ធូរបន្ថយនៃលក្ខខណ្ឌក្នុងការធ្វើចត្តាឡីស័ក និងការធ្វើតេស្តផងដែរ។ បើតាមលោក សេក សុខុម បច្ចុប្បន្នភាគីថៃ និងកម្ពុជាបានព្រមព្រៀងគ្នាឱ្យមានការដឹកទំនិញ អនុញ្ញាតឱ្យអាជីវករលក់ដូរនៅផ្សារថៃចេញចូល និងពលករនៅជាប់ព្រំដែនប៉ោយប៉ែត និងព្រំដែនស្រះកែវនៃប្រទេសថៃប៉ុណ្ណោះដែលអាចឆ្លងដែនគ្នាបាន តែមិនបើកជំហរឱ្យទូលំទូលាយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។