ក្រសួងសាធារណការ ៖ ឡានឡើងស៊េរីខុសបច្ចេកទេស មិនអនុញ្ញាតឲ្យចូលឆៀក ឬបំពាក់ផ្លាកលេខឲ្យឡើយ
បើតាមសេចក្តីជូនដំណឹងថ្មីមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រថយន្តដែលកែច្នៃដំឡើងម៉ូដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងគ្មានការអនុញ្ញាតពីក្រសួង នឹងមិនត្រូវអនុញ្ញាតឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា កន្លងមកក្រសួងសង្កេតឃើញមានរថយន្តគ្រួសារមួយចំនួនបានកែច្នៃដំឡើងម៉ូដែលរថយន្តដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឲ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះ បានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ១៨០ អនក្រ.បក ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។
ហេតុដូចនេះ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរាបជូនដល់ម្ចាស់រថយន្តទាំងអស់ ដែលបានកែច្នៃដំឡើងម៉ូដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជាប្រព័ន្ធចង្កូត ប្រព័ទ្ធទ្រ សាក់ស៊ី និងគ្រោងតួ គ្មានការអនុញ្ញាតពីក្រសួងសាធារណការ គឺមិនអនុញ្ញាតឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជូនឡើយ។
ដោយឡែកយានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។