កីឡាករជម្រើសជាតិ ឌុន សុខន ប្តេជ្ញាដុសខាត់បច្ចេកទេសបន្ថែម ឆ្ពោះទៅរកមេដាយមាស ស៊ីហ្គេម ២០២៣
កីឡាករជម្រើសជាតិកម្ពុជាលើប្រភេទកីឡាជិះសេះរត់ចម្ងាយឆ្ងាយ ឌុន សុខន បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំដុសខាត់បច្ចេកទេសរបស់ខ្លួនបន្ថែម ដើម្បីឆ្ពោះទៅស្វែងរកមេដាយមាស នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ឌុន សុខន គឺជាកីឡាករដណ្តើមបានចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតវាស់ស្ទង់បច្ចេក ទេស លើកទី២ (រៀងរាល់៦សប្តាហ៍ម្តង) កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅទីលាននៅភូមិដំណាក់ដំរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះជាការរៀបចំរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ក្រោមការដឹកនាំ និងសម្រួចគោលដៅយ៉ាងសកម្មរបស់លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធ ដើម្បីធ្វើឲ្យប្រភេទកីឡាជិះសេះកម្ពុជាដណ្តើមបាននូវកិត្យានុភាពជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
កីឡាករ ឌុន សុខន បានលើកឡើងបន្ថែមថា ឆន្ទៈរបស់ខ្លួន គឺប្រឹងប្រែងអំណត់ការតស៊ូធ្វើយ៉ាងណាឲ្យគុណភាពបច្ចេកទេសជិះសេះកាន់តែមានលទ្ធផលល្អប្រសើរជាងនេះ ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយមាស ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
កីឡាករមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះសង្ឃឹមថា ជាមួយនឹងការខិតខំអស់ពីលទ្ធភាព និងប្រឈមក្នុងបញ្ហាលំបាកទាំងឡាយក្នុងពេលហ្វឹកហាត់នឹងជួយឲ្យខ្លួនឯង អាចសម្រេចនូវគោលបំណងថ្ងៃណាមួយជាក់ជាមិនខាន។ អ្វីដែលជំរុញឲ្យរូបនេះកំពុងបន្តការហ្វឹកហាត់ប្រកបដោយឆន្ទៈមោះមុតបែបនេះ គឺអាស្រ័យដោយមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធ និងគ្រូបង្វឹក។
ចំណែកឯ គ្រូជម្រើសជាតិជិះសេះ លោក ហូយ សុផារិទ្ធ គូសបញ្ជាក់ដែរថា ការប្រកួតវិញ្ញាសារត់ចម្ងាយឆ្ងាយនេះរៀបចំរយៈពេល៣ថ្ងៃ ដោយសិទ្ធផលកីឡាករ កីឡាការិនីមានការកើនឡើងទាំងបច្ចេកទេស និងការបញ្ជាសេះ។ ក្នុងនោះក៏មានបញ្ហាប្រឈមខ្លះៗដែរ ដូចជាទីលាន ចំនួនសេះមានតិចតួច ប៉ុន្តែលោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះនៅតែបន្តជំរុញការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បីសម្រួចគោលដៅ មេដាយមាស១គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។
ជាមួយគ្នានោះ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះក៏កំពុងសម្រួចបច្ចេកទេសរបស់ក្រុមជម្រើសជាតិលើវិញ្ញាសាជិះសេះផ្លោះរបារ នៅក្លិប CCC រាជធានីភ្នំពេញ ដូចគ្នាផងដែរ។ គ្រូជម្រើសជាតិរូបនេះ បន្ថែមថា នេះជាការប្រកួតវាស់ស្ទង់ លើកទី២ រៀងរាល់៦សប្តាហ៍ម្តង បន្ទាប់ពីបានហ្វឹកហាត់តាមកម្មវិធីយ៉ាងសកម្ម។
លោកជឿជាក់ថា តាមរយៈការកម្មវិធីហ្វឹកហាត់នេះ ក្រុមកីឡាករ កីឡាការិនីជិះសេះនឹងអាចបង្កើនបច្ចេកទេសបានល្អជាងនេះ ខណៈវិញ្ញាសាជិះសេះរត់ចម្ងាយឆ្ងាយនឹងត្រូវបង្កើនពីការហ្វឹកហាត់-ប្រកួតដំណាក់កាលដំបូងពី៤០គីឡូម្រ៉ែទៅ៦០ និង៨០គីឡូម៉ែត្រ តាមវិញ្ញាសាស៊ីហ្គេម។ សម្រាប់ជ័យលាភីនៃការប្រកួតតេស្តសមត្ថភាពនេះ ក្រៅជ័យលាភីលេខ១ឌុន សុខន គឺលេខ២ បានទៅលើកីឡាករ លី សុវណ្ណ និងលេខ៣ កីឡាករ លី ម៉េងលាង។
គួរបញ្ជាក់ថា សម្រាប់គោលដៅនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺប្រភេទកីឡាជិះសេះនឹងប្រើប្រាស់ទីលានក្លិប CCC រាជធានីភ្នំពេញ សម្រាប់ការប្រកួតលើវិញ្ញាសាជិះសេះផ្លោះរបារ និងទីលានហ្វឹកហាត់នៅភូមិដំណាក់ដំរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងប្រើប្រាស់សម្រាប់ការប្រកួតលើវិញ្ញាសាជិះសេះរត់ចម្ងាយឆ្ងាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។