ជនភៀសខ្លួន និង​សុំ​សិទ្ធិ​ជ្រកកោន ចំនួន​៨០​នាក់ កំពុង​រស់នៅ​កម្ពុជា​

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ឲ្យ​ដឹងថា មាន​ជនភៀសខ្លួន និង​ជន​សុំ​សិទ្ធិ​ជ្រកកោន ចំនួន​៤៦​ករណី មនុស្ស​៨០​នាក់ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។​

​របាយការណ៍​ដែល​បានបង្ហាញ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​បន្ដ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​បញ្ជាក់ថា ក្នុងចំណោម​មនុស្ស​ខាងលើ មាន​អ្នក​ដែល​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន មាន​ចំនួន​៣៧​ករណី មនុស្ស​៦៤​នាក់ (​ស្រី​១៥​នាក់​) មាន​៨​សញ្ជាតិ និង​ជន​សុំ​សិទ្ធិ​ជ្រកកោន​មាន​ចំនួន ៩​ករណី មនុស្ស​ចំនួន​១៦​នាក់​(​ស្រី​៨​នាក់​) មាន​៦​សញ្ជាតិ​។​

​បន្ថែម​ពីនេះ មាន​ជន​សុំ​សិទ្ធិ​ជ្រកកោន​ដែល​ធ្លាក់​ឋានៈ ជា​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​វៀតណាម នៅសល់​ជាក់ស្តែង ចំនួន​៨​ករណី មនុស្ស​១២​នាក់ (​ស្រី​២​នាក់​) កំពុង​រស់នៅ​កម្ពុជា​។ ខណៈ​បុគ្គលិក​អង្គការ​មូលនិធិ​អាស៊ី ជា​ពលរដ្ឋ​អាហ្គានីស្ថាន និង​ក្រុមគ្រួសារ​កំពុងស្នាក់នៅ​កម្ពុជា មាន​ចំនួន​៤៦​គ្រួសារ មនុស្ស​១៩៥​នាក់ (​ស្រី​១០១​នាក់​)​។​

​គួរ​ជម្រាប​ថា ដោយសារ​វិបត្តិ​សេដ្ឋកិច្ច បង្ក​ឲ្យ​មាន​ចលនា​ភៀសខ្លួន​ទៅរក​ទី​សុវត្ថិភាព និង​ទីកន្លែង​ទទួលបាន​នូវ​ជីវភាព​ប្រសើរ​។ ទោះបី​កម្ពុជា ពុំមែន​ជា​ទិសដៅ​របស់​ជនភៀសខ្លួន​ទាំង​នោះទេ ពួកគាត់​ជ្រើសរើស​ទ្វីបអឺរ៉ុប ជា​ទិសដៅ​ចុងក្រោយ ប៉ុន្តែ​ក៏​នៅមាន​ការ​ជ្រើស​យក​ប្រទេស​កម្ពុជា​ជា​គោលដៅ​ដំបូង ដើម្បី​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន សម្រាប់​គោលដៅ​បន្ទាប់​។​

​ហេតុនេះ​ជានិច្ចកាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ក្តាប់​តាមដាន​ព័ត៌មាន​ស្តីពី​ចលនា​ជនភៀសខ្លួន​ក្នុង​ពិភពលោក ក៏ដូចជា​ក្នុង​តំបន់ ក្នុង​គោលដៅ​ទប់ស្កាត់ និង​ដោះស្រាយ​សមស្រប​ចំពោះ​ជនបរទេស ដែលមាន​បំណង​មកសុំ​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close