បទ​ចម្រៀង «​អ្នក​ចម្បាំង​» សម្រិតសម្រាំង​រួចរាល់ និង​គ្រោង​ផ្សព្វផ្សាយ​មុន​បុណ្យចូលឆ្នាំ​

​បទ​ចម្រៀង «​អ្នក​ចម្បាំង​» ដែល​បានបង្ហាញ​លើក ដំបូង​ក្នុង​កម្មវិធី​សម្ពោធ​ពហុ​កីឡា​ជាតិ មរតក​តេ​ជោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពេលនេះ​ត្រូវបាន​ផលិត​ជា MV រួចរាល់​ក្រោម​ការ​សម្រិត សម្រាំង​យ៉ាង​ល្អ​បំផុត ដែល​នឹង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​នានា នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២២ ពោលគឺ​មុន​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ឈានចូល​មកដល់​។​

​លោក សេង ចំណាន អគ្គនាយក​ផលិតកម្ម​រាម​បាន​ឲ្យ​ដឹងថា ការផលិត​បទ​ចម្រៀង​នេះ​ឡើង​ ​គឺ​កើតចេញពី​ទឹកចិត្ត​ភក្តីភាព​សម្រាប់​គុន​ល្បុក្កតោ ដែលជា​ស្នាដៃ​បង្កើត​ដោយ​បុព្វបុរស​ខ្មែរ ដូចនេះ ការផលិត​ក៏ត្រូវ​តែ​យកចិត្តទុកដាក់​បំផុត ដើម្បី​ឲ្យ​សមជា​ស្នាដៃ​របស់​កូន​ខ្មែរ​។

​បទ​អ្នក​ចម្បាំង​​ផលិតឡើង​ក្នុង​គោលបំណង​លើកតម្កើង​ក្នុងការ​ផ្សព្វផ្សាយ​បង្អួត​ទៅ​អន្តរជាតិ​។​បទ​ចម្រៀង​អ្នក​ចម្បាំង បាន​ផ្តិត​យក​រូបភាព និង​សកម្មភាព​ដ៏​កម្រ​ពី​ក្បាច់គុន​ល្បុក្កតោ ហើយក៏​ជា​សារ​មួយ សម្រាប់ យុវជន​ខ្មែរ​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​កីឡា​ក្បាច់គុន​ល្បុក្កតោ ដែលជា​មោទនភាព​ជាតិ​។​

​លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​ជា​អ្នកដឹកនាំ​ផលិត​បាន​បញ្ជាក់ដែរថា​ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​បានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​បានធ្វើ​ឲ្យ​ការផលិត​នេះ​ទទួលបាន​លទ្ធផល​ល្អ​។ យើង​ត្រូវ​បង្ហាញ​ពី​សក្តានុពល​កីឡា​ប្រពៃណីជាតិ និង ដំណើរ​ឆ្ពោះ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់ ព្រះរាជាណាចក្រ​កម្ពុជា​។ «​យើង​ស​ង្ឈឹ​ម​ថា បទ​ចម្រៀង​នេះ​នឹង​នាំមក​នូវ​មោទនភាព​ជាតិ និង​ពង្រឹងស្មារតី​ដល់​កីឡាករ កីឡា​ការ​នី​ឲ្យ​កាន់តែ​រឹងមាំ ប្រៀបបាន​នឹង​អ្នក​ចម្បាំង​សម័យអង្គរ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close