ប្រធានថ្មីសហព័ន្ធខ្មែរកីឡាហាប់គីដូ ប្តេជ្ញាអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរ
លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធកីឡាខ្មែរកីឡាហាប់គីដូ អាណត្តិថ្មី ២០២០-២០២៦បានឡើងប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពង្រឹងការអភិវឌ្ឍវិស័យកីឡាហាប់គីដូឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នេះជាការប្តេជ្ញាចិត្តរបស់លោកឧកញ៉ា នៅក្នុងមហាសន្និបាតសហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោកឧកញ៉ា សៅ សេងហាក់ គូសបញ្ជាក់ទៀតថា ក្នុងឋានៈជាប្រធានសហព័ន្ធអាណត្តិថ្មី លោកឧកញ៉ាពិតជាក្តីសោមន្សរីករាយក្រៃលែង ដែលសមាជិកបានផ្តល់សេចក្តីទុកចិត្តគាំទ្រលោកឲ្យដឹកនាំបន្តពីឯកឧត្តម ម៉ក់ សំអល់ ប្រធានអាណត្តិចាស់ ដែលគណៈកម្មាធិការប្រតិបត្តិផ្តល់កិត្តិយសជូនឯកឧត្តមជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ។
ប្រធានសហព័ន្ធថ្មីរូបនេះបានប្តេជ្ញាចិត្តពង្រឹងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការខិតខំការបណ្តុះបណ្តាលគ្រូបង្គោល និងពង្រីកក្លិបកីឡាហាប់គីដូឲ្យកាន់តែច្រើន។ បន្ថែមពីលើនេះ លោកឧកញ៉ាក៏បានបង្ហាញនូវគម្រោងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមថ្នាក់ជាតិ និងគ្រោងបញ្ជូនកីឡាករ កីឡាការិនីចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសផងដែរ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានបង្ហាញសមិទ្ធផលសកម្មភាពការងារអាណត្តិចាស់ ដែលសម្រេចជាបន្តបន្ទាប់នាពេលកន្លងមក ហើយអ្វីដែលជាទិសទៅបន្ទាប់ សហព័ន្ធបានលើកជាទិសដៅសម្រាប់អាណត្តិថ្មីនេះលើចំណុចសំខាន់ៗរួមមាន៖ ត្រូវបណ្តុះបណ្តាលគ្រូបង្គោលឲ្យបានច្រើន, ខិតខំប្រឹងប្រែងពង្រីកក្លិបនៅតាមខេត្ត, ព្យាយាមបើកវគ្គបណ្តុះបណ្តលអាជ្ញាកណ្តាល និងចៅក្រមឲ្យបាន១ដងក្នុងមួយឆ្នាំ, សហព័ន្ធនឹងព្យាយាមទាក់ទងបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសដូចសហព័ន្ធកីឡាផ្សេងៗ, រៀបចំអញ្ជើញគ្រូហាប់គីដូបរទេស មកបង្ហាញបច្ចេកទេសដល់កីឡាករ-កីឡាការិនីកម្ពុជា, រៀបចំព្រឹត្តិការណ៍ប្រកួត ជើងឯកថ្នាក់ជាតិឲ្យបានច្រើនជារៀងរាល់ឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅ និងខិតខំរកទីតាំងសហព័ន្ធឲ្យបាន។
លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធខ្មែរកីឡាហាប់គីដូ ដែលបានខិតខំអភិវឌ្ឍប្រភេទកីឡាប្រយុទ្ធមួយនេះនៅកម្ពុជាឲ្យមានសកម្មភាពជាបន្តបន្ទាប់ ជាពិសេសការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធក្នុងគោលដៅដើរឆ្ពោះទៅមុខប្រកបដោយជំនឿចិត្ត និងការលះបង់ខ្ពស់។
គួរបញ្ជាក់ថា មហាសន្និបាតអាណត្តិថ្មីទី៧ ២០២០-២០២៤នេះបានអនុម័តរបាយការណ៍សកម្មភាព ហិរញ្ញាវត្ថុ និងផ្តល់សេចក្តីទុកចិត្តដល់គណៈកម្មាធិការប្រតិបត្តិចំនួន២១រូប ក្នុងនោះ លោកឧកញ៉ា សៅ សេងហាក់ ជាប្រធាន អមដោយអនុប្រធាន៦រូប និងលោកវរៈសេនីយ៍ទោ គង់ ចាន់ធីណា ជាអគ្គលេខាធិការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។