ក្រសួងសុខាភិបាលកំពុងពិនិត្យស្ថានភាពជំងឺកូវីដ១៩ ក្រោយពិធីបុណ្យចូលឆ្នាំរួច
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា ពេលនេះក្រសួងនៅមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ១៩បាននៅឡើយទេ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររួច ប៉ុន្តែក្រសួងកំពុងបន្តពិនិត្យមើល ក្រែងមានស្ថានភាព នៃការផ្ទុះ ការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។
យ៉ាងណាក៏ដោយ ជាការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍ នាពេលនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានការសង្ស័យ សូមធ្វើតេស្តរហ័ស ឫទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។ ហើយបើលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក ។
តែបើមានរោគសញ្ញាសង្ស័យថា វិវត្តន៍ទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះ ដែលអាចស្លាប់បាត់បង់ជីវិតបាន។ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឫក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា។
សូមបញ្ជាក់ដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃដែលទើបបញ្ចប់ទៅថ្មីៗនេះ ឃើញថា កំណើនភ្ញៀវទេសចរចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសមានសរុបរហូតទៅដល់ជាង៥លាននាក់ ដែលគឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកចូលឆ្នាំខ្មែរឆ្នាំនេះ គឺជាការតេស្តនៃបើកប្រទេសឡើងវិញដោយពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។