ឈើហ៊ុបមូល និងឈើអារមួយ​ចំនួនដែលឈ្មួញលាក់ទុកនៅផ្ទះប្រជាពលរដ្ឋ ត្រូវកម្លាំងចម្រុះចុះបង្ក្រាប

(ព្រះវិហារ) ៖ ឈើហ៊ុបមូលចំនួន២០ដុំ និងឈើអារមួយចំនួន ដែលឈ្មួញដឹកចេញពីព្រៃយកលាក់ទុកតាមផ្ទះពលរដ្ឋក្នុងភូមិពោធិទៀបឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយអាវុធហត្ថស្រុក,នគរបាលប៉ុស្តិ៍ឃុំម្លូព្រៃ១ ចុះបង្ក្រាបកាលពីរសៀលថ្ងៃទី១៩ខែមេសា ឆ្នាំ២០២២។

លោក សេង លាង នាយផ្នែករដ្ឋបាល ព្រៃឈើឆែបបានឱ្យដឹងថា បន្ទាប់ទទួលបានដំណឹងពីអ្នកសាព័ត៌មានប្រចាំខេត្តព្រះវិហារមក លោកបានសុំគោលការពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីមានវិធានការ ដឹកនាំកម្លាំងចុះបង្ក្រាប។

លោក សេង លាង បានបន្តថា ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ ដឹកឈើចេញពីព្រៃយកមកទុកតាមផ្ទះពលរដ្ឋ។ខណៈមានឱកាសល្អដឹកបន្តទៅខេត្តផ្សេងទៀតនិងចំនួនដើរប្រមូលទិញឈើយកទៅធ្វើជាគ្រោងផ្ទះទុកចោល ។ខ្លះទៀតយកឈើទៅត្រាំទឹកឬលាបស៊ីម៉ង់ត៍បន្លំជាឈើផ្ទះចាស់។ ទោះបីពួកឈ្មួញមានល្បិចកលបែបណាក៏ដោយនៅតែជាប់អន្ទាក់សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើឆែបបានជាបន្តបន្ទាប់ ។

វត្ថុតាងឈើហ៊ុបមូលចំនួន២០ដុំរួមទាំងឈើអារមួយចំនួន ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើផ្នែកឆែប ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close