អភិបាលខេត្តព្រះសីហនុ ដាក់ទណ្ឌកម្មចំពោះ​ប្រធានមណ្ឌលសុខភាពកែវផុស និងបុគ្គលិក រឿង​មិន​មានអ្នក​ប្រចាំការ

នៅរសៀលថ្ងៃទី​១៨ ខែមេសា​ ឆ្នាំ​២០២២​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

តាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋឈឺពោះសម្រាលមកទទួលសេវាសម្រាលនៅមណ្ឌលសុខភាពឃុំកែវផុស តែមិនឃើញមានគ្រូពេទ្យប្រចាំការ រហូតដល់ម៉ោងជាង០៨ព្រឹកថ្ងៃដដែលបានឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាព ដោយឆ្មបបុរាណ ទាំងម្តាយ និងកូនគឺមានសុខភាពល្អ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានឃុំកែវផុស។

តាមការរាយការណ៍របស់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុស បានរាយការណ៍ថា ចំពោះករណីប្រជាពលរដ្ឋឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាពឃុំកែវផុស គឺនៅចំពេលម៉ោងប្តូរវេនប្រចាំការ ដោយសារគ្រូពេទ្យប្រចាំការចេញមុនម៉ោង និងគ្រូពេទ្យប្តូរវេនមកយឺតពេល ដែលបណ្តាលឱ្យមានភាពខ្វះចន្លោះក្នុងការផ្តល់សេវា។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏បានទៅសុំទោសក្រុមគ្រួសារស្រ្តីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពដល់គេហដ្ឋានផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍ លោកអភិបាលខេត្ត បានធ្វើការសន្និដ្ឋានថា ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុសអនុវត្តពុំទាន់ត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ចំពោះមុខទាក់ទងនឹងបញ្ហានេះ កំហុសលើការទទួលខុសត្រូវលើម៉ោងពេលគឺនៅតែជាកំហុស ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យ។

លោកអភិបាលខេត្ត​ក៏បានដាក់ការណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត សូមយកបទពិសោធន៍នៃបញ្ហានេះធ្វើការដឹកនាំប្រជុំផ្សព្វផ្សាយទៅដល់មណ្ឌលសុខភាពផ្សេងៗទៀតឱ្យមានការទទួលខុសត្រូវ ព្រោះយើងមិនអាចឱ្យមណ្ឌលសុខភាព ឬមន្ទីរពេទ្យរបស់យើងមួយ ធ្វើឱ្យប៉ះពាល់ដល់ការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលគិតគូរល្អិតល្អន់ និងត្រឹមត្រូវ។ ដោយត្រូវណែនាំពីរបៀបរបបនៃការបែងចែកវេនយាម និងការប្តូរវេនយាម ចាប់ពីថ្ងៃនេះតទៅគឺមិនអនុញ្ញាតឱ្យអ្នកដែលមិនទាន់ដល់ពេលចេញទៅផ្ទះនោះទេ អ្នកថ្មីមិនទាន់មកដល់ អ្នកចាស់មិនទាន់ចេញ ត្រូវមានចុះហត្ថលេខាប្តូរវេនគ្នាឱ្យបានត្រឹមត្រូវពីវេនមួយទៅវេនមួយ។

ចំពោះក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ដែលបានចូលរួមស្តាប់កិច្ចប្រជុំ បានឯកភាពទទួលយកតាមការសម្រេចរបស់អង្គប្រជុំ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ស្រុក និងមន្ទីរអង្គភាព ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសលោកមេឃុំ និងក្រុមប្រឹក្សាឃុំកែវផុសដែលបានជួយសម្របសម្រួលការសម្រាល និងផ្គត់ផ្គង់ស្បៀងអាហារដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងពេលមានទុក្ខលំបាក។ ជាមួយគ្នានេះ ក្រុមគ្រួសាររបស់គាត់បានសុំយកឈ្មោះរបស់លោកមេឃុំកែវផុស ធ្វើជាត្រកូលឱ្យកូនប្រុសរបស់គាត់ដែលទើបតែសម្រាលនេះ ដើម្បីទុកជាការដឹងគុណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close