ភ្នំកងវ៉ាជិតរលាយទៅហើយទើបអាជ្ញាធរមើលឃើញថាការជីកកកាយដីភ្នំរបស់ក្រុមហ៊ុន សាំង គង់ ខុសច្បាប់
កាលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយមានការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានបញ្ជាអោយ កម្លាំងអាវុធហត្ថទូទាំងប្រទេសត្រូវចុះបង្ក្រាប បទល្មើសធនធានធម្មជាតិ ។
ក្នុងការចះុបង្ក្រាបនេះរួមមាន លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ បានដឹកនាំកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់របស់ក្រុមហ៊ុន សាំង គង់ នៅចំណុចភ្នំកងវ៉ា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា ការចុះបង្ក្រាបនេះគឺមានការបញ្ជាពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានឲ្យកម្លាំងអាវុធហត្ថទូទាំងប្រទេសត្រូវចុះបង្ក្រាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្ទ្រានយកដីរដ្ឋ កាយដីភ្នំលក់ដោយខុសច្បាប់ រុករករ៉ែខុសច្បាប់ ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់ជាដើម។
ការចុះបង្ក្រាបនេះកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនពាក់ព័ន្ធ ចំនួន៦នាក់ និងដកហូតវត្ថុតាងរួមមាន អេស្កាវ៉ាទ័រ ចំនួន៣គ្រឿង និងរថយន្តដឹកដី ចំនួន៩គ្រឿងក្រោយពីឃាត់ហើយកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។