សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា នៅឆ្នាំនេះមានការលេចឡើងនូវតំបន់ទេសចរណ៍ថ្មីៗជាច្រើន ដែលបានផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់បរិស្ថាន ដែលបានចូលរួមចំណែក ក្នុងការទាក់ទាញប្រជាជនឱ្យធ្វើដំណើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ។
ថ្លែងក្នុងសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អ្វីសំខាន់ដែលយើងសង្កេតឃើញ គឺការបង្កើតនូវសហគមន៍ទេសចរណ៍នានា ដែលមានការគួបផ្សំរវាងផ្នែកបរិស្ថាន និងក្រសួងទេសចរណ៍។ ឥឡូវគេប្រើប្រាស់ ទេសចរណ៍ផ្សាភ្ជាប់ទឹកដី។ ចំណុចនេះគួរត្រូវបានពង្រឹង ពង្រីកវានៅគ្រប់ទីកន្លែងទាំងអស់ ធ្វើម៉េចឱ្យពលរដ្ឋរបស់យើងធ្វើទេសចរណ៍ ប៉ុន្តែផ្សាភ្ជាប់ជាមួយទឹកដី ស្រលាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាននេះ ដើម្បីទាញយកលុយជាជាងកាប់ឈើ បាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន»។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសង្កេតឃើញថា នៅតាមមូលដ្ឋានភូមិឃុំពេលនេះ បានកែច្នៃតំបន់ទេសចរណ៍របស់ខ្លួនបានយ៉ាងល្អជាពិសេសខេត្តបាត់ដំបង ដែលជាខេត្តទាក់ទាញទេសចរណ៍បានច្រើនជាងគេ នៅក្នុងអំឡុងបុណ្យចូលឆ្នាំនេះ។ សម្តេចក៏សង្កេតឃើញពីការយកចិត្តទុកដាក់របស់មេភូមិមេឃុំ នៅតាមមូលដ្ឋាន ចំពោះភ្ញៀវទេសចរ ដែលបានជួបសំណេះសំណាល និងថ្លែងអំណរគុណភ្ញៀវទេសចរផងដែរ។
សម្តេចបានគូសបញ្ជាក់ថា តំបន់ទេសចរណ៍ទាំងឡាយបានក្លាយជាកន្លែងទាក់ទាញប្រជាជន។ សម្តេចក៏បានកោតសរសើរដល់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ដែលគាត់ស្រលាញ់បរិស្ថាន និងទេសចរនៅតំបន់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។