អ្នកដំណើរ​មកពី​បរទេស ចូល​ប្រទេស​កម្ពុជា ដែល​មិនទាន់​ចាក់​វ៉ាក់សាំង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​៧​ថ្ងៃ​បុ​ណ្ណោះ​!

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា នេះ​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ ស្តីពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​បរទេស ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ហើយ​ចូលមក​កម្ពុជា ដោយ​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​១៤​ថ្ងៃ មក​ត្រឹមតែ​៧​ថ្ងៃ​ប៉ុណ្ណោះ​។

​នេះ​បើតាម​លិខិត​របស់​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា យោង​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ លើ​លិខិត​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២ របស់​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩, គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាប​អំពី​ការកែសម្រួល​លក្ខខណ្ឌ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នកដំណើរ​មកពី​បរទេស ដែល​មិនបាន​ចាក់​វ៉ាក់សាំង ឬ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ដូចខាងក្រោម​៖

១៖ កែសម្រួល​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ពី​រយៈពេល ១៤​ថ្ងៃ មក​នៅត្រឹម​រយៈពេល ៧​ថ្ងៃ​។​

២៖ កែសម្រួល​លក្ខខណ្ឌ​ធ្វើតេស្ត ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ដូចតទៅ​៖
​ក​- អ្នកដំណើរ​មកពី​បរទេស​ចូល​តាម​ផ្លូវអាកាស​៖ ត្រូវធ្វើ​តេស្ត​រហ័ស​នៅ​ថ្ងៃទី​៧ ដើម្បី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
​ខ​- អ្នកដំណើរ​មកពី​បរទេស​តាម​ព្រំដែន​គោក​៖ ត្រូវធ្វើ​តេស្ត​រហ័ស​ចំនួន​ពីរលើក ដែល​លើក​ទី​១ នៅ​ថ្ងៃទី​១ មុនពេល​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​លើក​ទី​២ នៅ​ថ្ងៃទី​៧ ដើម្បី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ជាមួយគ្នានេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​រក្សា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​១ ឬ​ដូ​ស​ទី​២ (​ចំពោះ​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​រួច ហើយ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ការចាក់​ដូ​ស​ទី​២ តាម​របប​ចាក់​វ៉ាក់សាំង​) ដូចដែល​បាន​អនុវត្ត​រហូតមកដល់​ពេលនេះ ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា នៅ​ថ្ងៃ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close