សម្ដេច​ក្រឡាហោម ស ខេង សង្ឃឹមថា ឯកអគ្គរដ្ឋទូត​ឡាវ​ថ្មី នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត

​នៅ​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​ឯកឧត្តម BuaKeo Phumvongsay ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្រឡាហោម បាន​ថ្លែង​នូវ​ការស្វាគមន៍ និង​យក​ឱកាស​នេះ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​ប្រកបដោយ​វឌ្ឍនភាព​ឥតឈប់ឈរ​រវាង​ភាគី​កម្ពុជា និង​ឡាវ និយាយ​ជារួម ក្នុងនោះ​ដោយឡែក​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ដែល​ភាគី​ទាំងពីរ​តែង​បាន​យកចិត្តទុកដាក់​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​គួរ​ជាទី​ពេញចិត្ត​ក្នុង​រយៈពេល​កន្លងមក​។

​សម្ដេច​ក៏បាន​ជម្រាបជូន​ថា ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​កន្លងមក​ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ បាន​ខិតខំ​ស្វែងរក​ឱកាស​ដើម្បី​បន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិកា​រ​ជាមួយគ្នា តាមរយៈ​ការជួបប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ និង​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​ជាមួយគ្នា ក្នុងន័យ​ដើម្បី​រួមគ្នា​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ ជាពិសេស​កិច្ចសហការ​ថែរក្សា​សន្តិសុខ​តាម​ខ្សែ​បន្ទាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

​សម្ដេច​ក៏មាន​ជំនឿ​មុតមាំ​ថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម BuaKeo Phumvongsay នឹង​បន្ត​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ពិសេស​រវាង​ក្រសួង​ទាំងពីរ​ថែមទៀត ដើម្បី​បន្ត​អនុវត្ត​នូវ​អ្វីដែល​បាន​ព្រមព្រៀង និង​បាន​ចុះហត្ថលេខា​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ឱ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។

​សម្ដេច​ក្រឡាហោម បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ ដោយ​សង្ខេប​អំពី​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត និង​ដោះស្រាយ មាន​ជាអាទិ៍​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ការងារ​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​យុទ្ធនា​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​កិច្ចខិតខំ​ប្រឹងប្រែង​ស្ដារ​នូវ​ផលប៉ះពាល់​អវិជ្ជមាន​នានា ដែល​បង្កឡើង​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​បាន​ថ្លែងអំណរគុណ និង​បង្ហាញ​ភាព​រីករាយ​ប្រកបដោយ​មោទកភាព​ដែល​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា ហើយ​ថ្វីត្បិតតែ​ឯកឧត្តម​ទើបបាន​មកដល់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ខ្លី តែ​ឯកឧត្តម​ពិត​ជាមាន​សេចក្ដី​រីករាយ​ក្នុងការ​រស់នៅ​ប្រទេស​កម្ពុជា ដែលជា​ប្រទេសជិតខាង​មាន​ប្រពៃណី​វប្បធម៌​ប្រហាក់ប្រហែល​នឹង​ប្រជាជន​ឡាវ​។​

​ឯកឧត្តម​ក៏​យក​ឱកាស​នេះ​ថ្លែង​នូវ​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការផ្ដល់​ជំនួយ​ផ្សេងៗ​ដល់​រដ្ឋាភិបាល និង​បន្តថា ក្នុង​អាណត្តិ​ការទូត​នៅ​កម្ពុជា ឯកឧត្តម​នឹង​ខិតខំ​ពូន​ជ្រំ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ និង​រួមចំណែក​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ឱ្យ​កាន់តែ​ទទួលបាន​ជោគជ័យ​ថែមទៀត​។​

​ឯកឧត្តម​ក៏បាន​ឯកភាព​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​សម្ដេច​ក្រ​ឡា​ហោម អំពី​ផលប៉ះពាល់​បណ្ដាលមកពី​ជំងឺ​កូ​វីដ​-១៩ ដែល​ក្នុងនោះ​ប្រទេស​ឡាវ​ក៏​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​វិបត្តិ​ជា​សាកល​នេះ​ផងដែរ​។ ឯកឧត្តម​ន្ត​ថា ថ្វី​ត្បិត​ប្រឈមមុខ​នឹង​វិបត្តិ​នេះ តែ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​ខិតខំ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ស្ដែង​ឱ្យឃើញ​ជាពិសេស​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ មកកាន់​ប្រទេស​កម្ពុជា និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៅក្នុង​ឱកាស​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ​២០២២​នេះ​។​

​ជាការ​ឆ្លើយតប សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដែល​បានលើកឡើង​អំពី​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។ សម្ដេច​សម្ដែង​ក្ដីសង្ឃឹម​ដែរ​ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ នឹងមាន​ឱកាស​បាន​ជួបពិភាក្សា​គ្នា​អំឡុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ​ផងដែរ​។ សម្ដេច​បាន​ជូនពរ​ឯកឧត្តម​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា ដោ​យស​ម្ដេចក៏​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ជួបពិភាក្សា​ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close