ឯកឧត្តម គួច ចំរើន ជម្រុញ​អ្នកវិនិយោគ​ប្រទេស​សឹង្ហ​បុរី មក​ធ្វើការ​វិនិយោគ នៅ​ខេត្ត​ព្រះសីហនុ កាន់តែច្រើន​បន្ថែមទៀត​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អនុញ្ញាតឱ្យ​លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​វត្តមាន​លោកជំទាវ និង​សហការី​មក​ធ្វើ​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ ព្រមទាំង​ជម្រាបជូន​ពី​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ មាន​ក្រុង​២ ស្រុក ៣ មាន​កោះ​៣២ ឆ្នេរ​ប្រវែង ១៧៥​គីឡូម៉ែត្រ​។ ក្រោយពី​កម្ពុជា​ទទួលបាន​ឯករាជ្យ សម្តេច​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” បានរៀបចំ​បង្កើត​ខេត្ត​ព្រះសីហនុ ដែលមាន​សក្តានុពល​សេដ្ឋកិច្ច បានចាប់ផ្តើម​កសាង​សង់​ផ្លូវជាតិ​លេខ​៤ និង​បន្ត​សាងសង់​កំពង់ផែ​ក្រុងព្រះសីហនុ ដែលមាន​សារៈសំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចេញ​-​ចូល​ប្រមាណ ៧០​ភាគរយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន JICA សាងសង់​ពង្រីក​កំពង់ផែ​ក្រុងព្រះសីហនុ​ជំហាន​ទី​១ អាចឱ្យ​នាវា​មាន​ជំរៅ​ទឹក ១៣,៥០​ម៉ែត្រ ចូល​ចត​បាន​នៅ​ឆ្នាំ​២០២៥ និង​បន្ត​ពង្រឹង​បន្ថែម​ដល់​ឆ្នាំ​២០២៩ អាចឱ្យ​នាវា​មាន​ជំរៅ​ទឹក ១៥​ម៉ែត្រ ចូល​ចត​បាន ហើយ​នាវា​នៅលើ​ពិភពលោក ៩៧​ភាគរយ ចូល​ចត​បានធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​មាន​ការថយចុះ​ប្រកួតប្រជែង​ប្រទេស​ក្នុង​តំបន់​។ ខេត្ត​មាន​ព្រលានយន្តហោះ​អន្តរជាតិ ដែលមាន​ផ្លូវ​រត់​ប្រវែង ៣,៤០០​ម៉ែត្រ បច្ចុប្បន្នកំពុង​បន្ត​សាងសង់​ស្ថានីយ​ចេញដំណើរ​។ ខេត្ត​មាន​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២២​ខាងមុខនេះ គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។

​ឯកឧត្តម អភិបាល​បាន​បន្តថា រាជរដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា ក្នុងការ​កែលម្អ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុងព្រះសីហនុ​ចំនួន ៣៧​ខ្សែ ដឹកនាំ​ដោយ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។ ផ្អែក​តាម​ផែនការមេ រាជរដ្ឋាភិបាល បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជាតា​រា​រះ​នា​ទិស​នារ​តី​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា នៅ​ខេត្ត​ព្រះសីហនុ មាន​ជនជាតិ​សឹង្ហ​បុរី បានមក​ធ្វើការ​វិនិយោគ​លើ​ផ្នែក​អចលន​:​ទ្រព្យ និង​ទេសចរណ៍ និង​ស្នើ​សុំឱ្យ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ដល់​ប្រជាពលរដ្ឋ​សឹង្ហ​បុរី និង​ជម្រុញ​អ្នកវិនិយោគ​ប្រទេស​សឹង្ហ​បុរី​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​បន្ថែមទៀត​។

​លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី បាន​ថ្លែងថា ការ​មក​ទស្សនកិច្ច​នាពេលនេះ លោកជំទាវ​ក៏បាន​ទៅ​ទស្សនា​រូបសំណាក “​ព្រះថោង​នាងនាគ​” មាន​លក្ខណៈ​ស្អាត​ជា​ស្នាដៃ​ខ្មែរ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត មានការ​អភិវឌ្ឍ​រីកចម្រើន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ហើយ​លោកជំទាវ​ក៏​ចង់ឃើញ​ការអភិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត​មានដូចជា​កំពង់ផែ ផ្លូវ​ល្បឿន​លឿន ក្នុង​អាណត្តិ​របស់លោក​ជំទាវ​ជា​ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ប្រចាំ​កម្ពុជា និង​គម្រោង​ជាច្រើន​ផ្សេងទៀត​ធ្វើឱ្យ​ទីក្រុង​នេះ ក្លាយជា​ទីក្រុង​ឆ្លាត​វៃ និង​ជា​មជ្ឍមណ្ឌល​ហិរញ្ញវត្ថុ​។ ក្នុងនាម​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​របស់​កម្ពុជា ដែលមាន​រាជធានី​ភ្នំពេញ សៀមរាប ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close