មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ស្ថាប័ន Gourmand World Cookbook Awards

​ខេត្តសៀមរាប​៖ ដោយមាន​ការសម្របសម្រួល​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ខេត្តសៀមរាប ឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​ពាក់ព័ន្ធ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Guillaume Roussy តំណាង Gourmand World Cook book Awards និង​ជា​ប្រធាន​ក្រុមហ៊ុន LES VINS DE SAUMUR អមដំណើរ​ដោយ​ឯកឧត្តម ប្រាក់ ដា​វិដ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តីពី​លទ្ធភាព​រៀបចំ​កម្មវិធី Angkor Food Summit នៅ​ចុងឆ្នាំ​២០២២​ខាងមុខនេះ ក្នុង​ទឹកដី​ខេត្តសៀមរាប​។​

​ជា​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់លោក Guillaume Roussy ក្នុង​ការរៀបចំ​កម្មវិធី Angkor Food Summit នេះ ហើយ​ជួយ​ជំ​រុញឱ្យ​ការរៀបចំ​កម្មវិធី​នេះ​ទទួលបាន​ជោគជ័យ​។​

​គួរ​រំលឹក​ផងដែរ កាលពី​ឆ្នាំ​២០២១​កន្លងទៅ សៀវភៅ កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ ដែល​បាន​រៀបចំឡើង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី Gourmand World Cook book Awards ដែល​បាន​រៀបចំឡើង​នៅ​ប្រទេស​បារាំង ហើយ​ទទួល​ពានរង្វាន់​សៀវភៅ​មុខម្ហូប​អាស៊ី​ដែល​ល្អផ្តាច់គេ​នៅ​តំបន់​អាស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close