សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅដល់​អាកាសយានដ្ឋាន Aso Kumamuto ទីក្រុង​គូ​ម៉ា​ម៉ូតូ ប្រទេស​ជប៉ុន ប្រកបដោយ​សុ​វត្តិភាព

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅដល់​ទីក្រុង Kumamuto ប្រទេស​ជប៉ុន ប្រកបដោយ​សុ​វត្តិភាព កាលពី​វេលា​ម៉ោង​១៤ និង​១៥​នាទី ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ត្រូវ​និង​ម៉ោង​១២​និង​១៥ ម៉ោង​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​បញ្ហា​ទឹក នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៣​មេសា​ស្អែក​។

នៅ​អាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេស​ជប៉ុន វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជា ណា​ចក្រ​កម្ពុជា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន ឯកឧត្តម អូ​នី​ស៊ិ កា​ហ្សឺ​ក​ហ្វូ​មិ អភិបាល ក្រុង​គូ​ម៉ា​ម៉ូតូ ឯកឧត្តម​អនុរដ្ឋមន្ត្រី ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន ព្រមទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន ខេត្ត​គូ​ម៉ា​ម៉ូតូ និង​ឥស្សរជន​ការទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន ជាច្រើនរូប​។

ដោយឡែក​នៅ​សណ្ឋាគារ Kumamoto Castle វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់​ទាក់​បំផុត ពី​សិស្ស និស្សិត កម្មសិក្សាការី និង​បងប្អូន​សហគមន៍​ខ្មែរ ដែល​កំពុង​សិក្សា ធ្វើការ និង​ស្នាក់នៅ​ប្រទេស​ជប៉ុន ប្រមាណ ជាង​១០០​នាក់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​សេចក្តី​សប្បាយរីករាយ​ដោយបាន​ជួប​ដោយផ្ទាល់ ជាមួយ​បងប្អូន​កូនក្មួយ​ចៅៗ ជា​សិស្ស និស្សិត កម្មសិក្សាការី និង​បងប្អូន​សហគមន៍​ខ្មែរ ដែល​កំពុង​សិក្សា ធ្វើការ និង​ស្នាក់នៅ​ប្រទេស​ជប៉ុន ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការគោរព​ស្រឡាញ់ រវាង​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​ខ្លួន ដែល​កំពុង​ឃ្លាតឆ្ងាយ​ពី​មាតុ ប្រទេស ទៅ​បំពេញ​ការសិក្សា រកស៊ី​ទទួលទាន ស្នាក់នៅ​ប្រទេស​ជប៉ុន​។

​តាម​ទូរលេខ​ដែល​បញ្ជា​ក់ដោយ​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា នៅ​កម្ពុ​ជាមាន​ជនជាតិ​ជប៉ុន​ស្នាក់នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ៤ ២១៦​នាក់ គិត​ត្រឹម​ខែមករា​ឆ្នាំ​២០២១ ដោយឡែក​សិស្ស និស្សិត កម្ពុជា​សិក្សា​អាហារូបករណ៍​បង់ថ្លៃ នៅ​ប្រទេស​ជប៉ុន​ចំនួន ៦៩៣​នាក់ និង​មាន​ពលរដ្ឋ​កម្ពុជា​រស់នៅ និង​ប្រកប​របរ​អាជីវកម្ម​នៅក្នុង​ប្រទេស​ជប៉ុន មាន​ចំនួន ៥ ២០៣​នាក់ គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០២០​។

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អញ្ជើញ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​បញ្ហា​ទឹក នៅ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ទីក្រុង​គូ​ម៉ា​ម៉ូតូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៣​មេសា ជាមួយ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ជប៉ុន ប្រទេស​ទូ​វ៉ា​លូ ឡាវ នេ​ប៉ាល់ និង​បណ្តា​រដ្ឋមន្ត្រី មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វី​ក ជាច្រើនរូប​ទៀត​។

ជាមួយគ្នានេះ សម្តេច​តេ​ជោ និង​ជួប​សន្ទនា​ការងារ​ទ្វេភាគី ជាមួយ​សម​ភាគី​ជប៉ុន ឯកឧត្តម គី​ស៊ី​ដា ហ្វី​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន ហើយ​នៅក្នុង​ជំនួប​ទ្វេភាគី​នោះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ជប៉ុន និង​ធ្វើជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនិង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន ដែល​ចុះហត្ថលេខា​រវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធន ធាន​ទឹក និង​ឧតុនិយម​កម្ពុជា ជាមួយ​ឯកឧត្តម សាយ​តុ តេ​ត្យុ​អុ (Saito Tetsuo) រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន​។

ជាមួយគ្នានេះ សម្តេច​តេ​ជោ និង​ជួប​សន្ទនា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ជួ​បស​ន្ទា​ន​ជាមួយ ឯកឧត្តម​អភិបាលខេត្ត​គួ​ម៉ា​ម៉ូតូ និង​បណ្តា​មេដឹកនាំ​ក្រុមហ៊ុន​ធំៗ របស់​ប្រទេស​ជប៉ុន​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close